ក្នុងឱកាសអបអរសាទរ ចំណងមិត្តភាពការទូតកម្ពុជា និងកូរ៉េ គម្របខួប ២០ឆ្នាំ សហព័ន្ធតេក្វាន់ដូ WTF កម្ពុជា បានរៀចចំការប្រកួតតេក្វាន់ដូ ពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលដំណើរអស់រយៈពេល ២ថ្ងៃនេះ ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ ខណៈក្លឹប New World ជាប់ចំណាត់ថ្នាក់លេខ១ នៃព្រឹត្តិការណ៍នេះ នៅអគារ Booyong ពហុកីឡដ្ឋានជាតិ។
តាមរបាយការណ៍គណៈកម្មាការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ មានក្លឹបចំនួន ២១ក្លឹបចូលរួមស្មើ នឹងកីឡាករ កីឡាការិនី ចំនួន ៣២២រូប ហើយជាលទ្ធផលក្លឹប New World ជាប់ចំណាត់ថ្នាក់លេខ ១ ដោយដណ្តើមបានមេដាយសរុប ១៣គ្រឿង មេដាយមាស ៦គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៦គ្រឿង , ចំពោះចំណាត់ថ្នាក់លេខ២ បានទៅលើក្លឹប Friendship ដណ្តើមបានមេដាយចំនួន ១៧គ្រឿង មាន មេដាយមាស ៥គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៩គ្រឿង ចំណែកឯចំណាត់ថ្នាក់លេខ ៣ មេដាយសរុប ១២គ្រឿង មេដាយមាស ៥គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៤គ្រឿង។
ដោយឡែកក្លឹបតេក្វាន់ដូអាស៊ីអឺរ៉ុប បានបញ្ជួនសសិ្សគុនរបស់ខ្លួនចំនួន ១២រូប ចូលរួមប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េនេះ ជាលើកដំបូងដោយមានកីឡាករ ៧រូប កីឡាការិនី ៥រូបផងដែរ។ អ្វីដែលគូកត់សម្គាល់នោះ សិស្សគុនអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយ ចំនួន ៨គ្រឿង រូមមាន មេដាយមាស ១គ្រឿង មេដាយ ប្រាក់ ២គ្រឿង និងមេដាយ សំរឹទ្ធ ៥គ្រឿង ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម ក្លឹបចំនួន ២១ ចូលរួម។
លោក គា ហេងតាំង គ្រូជំនួយក្លឹបអាស៊ីអឺរ៉ុប បានឲ្យដឹងថា ក្លឹបអាស៊ីអឺរ៉ុបទើបតែបង្កើតបានរយៈពេលជិតមួយឆ្នាំប៉ុណ្ណោះ ហើយសិស្សគុនធ្លាប់បានចូលរួមការប្រកួតជាច្រើនលើក និងដណ្តើមបាយមេដាយរាល់ការប្រកួត ជាពិសេសការប្រកួត ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ សិស្សិគុនអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយចំនួន ៨គ្រឿងទៀត។ នេះបង្ហាញពីការខិតខំហ្វឹកហាត់របស់ពួកគេ ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះពួកធ្វើបានលទ្ធផលល្អបែបនេះ ហើយវាក៏ផ្នែកមួយចូលរួមអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើននូវចំនួនអត្តពលិក ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ អបអរចំណងមិត្តភាពការទូត កម្ពុជា និងកូរ៉េ គម្របខួប ២០ឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា ព្រមទាំងឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាផងដែរ៕