កាល​​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ​ក្លិបបាល់ទាត់​ Krabi FC ដែល​ជា​សមាជិក​លីគ​លំដាប់​ទី២ (Thai Diversion 1)​របស់​ប្រទេស​ថៃ បាន​ជូនដំណឹង​ដល់​អ្នក​គាំទ្រ​ខ្លួន​ថា​កីឡាករ​ខ្មែរ-​បារាំង ធារី ចន្ថាប៊ីន សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​មិន​មាន​ឈ្មោះ​​ជាមួយ​ក្រុម​ប្រចាំ​​ជើង​ទី២ នៃ​ពានរង្វាន់​នេះ​នោះ​ទេ។

យ៉ាងណាក្តី​​ខាង​ក្លិប​សម្រេច​ឱ្យ​ក្លិប​​ផ្សេងក្នុង​ពាន​​​លំដាប់​ទី២​ដូចគ្នា ខ្ចី​ជើង ធារី ចន្ថាប៊ីន ​មួយ​រយៈ ខណៈ​កិច្ចសន្យា​របស់គេ​ជាមួយ​ក្លិប​ដែល​ចុះ​ព្រមព្រៀង​គ្នា​កាល​ពី​ខែ​មករា គឺ​មាន​រយៈពេល​រហូត​ដល់​៣ឆ្នាំ​ឯណោះ។ ក្រោយ​បញ្ចប់​​បេសកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ប្រកួត​មិត្តភាព​ជាមួយ​ឥណ្ឌូណេស៊ី និង​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន កីឡាករ ធារី ចន្ថាប៊ីន បាន​ត្រឡប់​ទៅ​ប្រទេស​ថៃ វិញ ប៉ុន្តែ​រូប​គេ​សុំ​មិន​និយាយ​ពី​ក្លិប​ថ្មី​ដែល​ខ្លួន​គ្រោង​បង្ហាញ​ខ្លួន​ជាមួយ ដោយ​រង់ចាំ​ព័ត៌មាន​ផ្លូវការ​ពី​ក្លិប​មុន។

ក្លិប Krabi FC មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង ប្រទេស​ថៃ ដោយ​បង្កើត​បាន​៩​ឆ្នាំ​ហើយ​គិត​ឆ្នាំ​២០១៧ នេះ។ សព្វ​ថ្ងៃ Krabi FC កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ​១១​បណ្តោះអាសន្ន​ក្នុង​ចំណោម​ក្លិប​ទាំង​១៨ ដោយ​ប្រកួត​១៩លើក​ឈ្នះ​បាន៥លើក ស្មើ​៦លើក​និង​ចាញ់​៨លើក មាន​២១ពិន្ទុ​ក្នុង​ដៃ។ កីឡាករ​ ធារី ចន្ថាប៊ីន មិន​សូវ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​នោះ​ទេ​ក្នុង​មួយ​រយៈចុងក្រោយ​នេះ ដោយ​សារ​រូប​គេ​មាន​បញ្ហា​របួស។

កីឡាករ ធារី ចន្ថាប៊ីន បានធ្វើដំណើរ​មក​​ប្រកប​អាជីព​នៅ​ប្រទេស​កម្ពុជា​ដំបូង​​ដោយ​​ចុះ​កិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោន​លើក​ដំបូង​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១២​ កន្លង​ទៅ ដំណាល​គ្នា​នឹង​មិត្ត​ភក្ដិ​មក​ពី​បារាំង​ជាមួយ​គ្នា​ កុក បូរីស និង​ គួច​ ដានី​ បន្ទាប់​ពី​​ពួក​គេ​បានធ្វើ​ដំណើរ​ជាមួយ​​ក្រុម​បាល់ទាត់​កូន​ខ្មែរ​-អឺរ៉ុប​ ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ​ ប៉ែន​ ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១២។ សូម​បញ្ជាក់​ថា ធារី ធ្លាប់​លើក​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីគ ជាមួយ​ភ្នំពេញក្រោន រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​មកហើយ គឺ​នៅ​ឆ្នាំ​២០១៥ និង ២០១៥ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែកមួយ​ជួយ​ឱ្យ​ភ្នំពេញក្រោន ឈ្នះ​ចំណាត់​ថ្នាក់​លេខ៣ នៃ​ពាន​រង្វាន់ Toyota Mekong Club Championship 2014 ផង​ដែរ៕