ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ដណ្តើមពានរង្វាន់សហព័ន្ធ លើកទី១ ឆ្នាំ ២០១៧ ដែលដំណើរប្រកួតអស់រយៈពេល ៥ថ្ងៃមកនេះ បានបញ្ចប់ជាស្ថាពរហើយ កាលពីល្ងាចម្សិលមិញ ដោយក្រុមក្រសួងការពារជាតិ ផ្នែកបុរស លើវិញ្ញាសា ៣ទល់នឹង៣ ដណ្តើមជ័លាភីលេខ១ ខណៈក្រុមព្រះខ័នរាជដណ្តើមជ័យលាភីលេខ១ ផ្នែកនារី លើវិញ្ញាសា ៣ទល់នឹង៣ ដូចគ្នា។
ក្លិបកីឡាកររបស់ក្រសួងការពារជាតិបានយកឈ្នះក្រុមស្ថាបនា PLC ចំនួន ២ សិតដាច់ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ ដើម្បីក្លាយជាម្ចាស់ជើងឯក ខណៈក្រុមស្ថាបនា PLC បានត្រឹមជើងឯករង។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុម DN និងលេខ ៤ ក្លិបខេត្តព្រៃវែង។ ដោយឡែកវិញ្ញាសាប្រកួតជាក្រុមនារីគឺចំណាត់ថ្នាក់លេខ១បានទៅក្លិបព្រះខ័នរាជ, លេខ២ ក្លិបអូឡាំពិក លេខ៣ ក្លិបយុវជនខេមរា និងលេខ ៤ បានទៅក្លិបអង្គការមិត្តសំឡាញ់។
លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា មានប្រសាសន៍ថា ដោយសារវាជាលើកដំបូង ដែលសហព័ន្ធបានបង្កើតឲ្យមានពាននេះឡើង ដូច្នេះគណៈកម្មការសម្រេចដាក់ឲ្យប្រកួតត្រឹមតែ ២ វិញ្ញា សាទេ បុរស-នារី ដោយមានកីឡាករ ៤០ នាក់មកពី ៨ ក្លឹប និងក្រុមនារីមានកីឡា-ការិនី ២០នាក់ មកពី ៤ ក្លឹប ប៉ុន្តែការប្រកួតនេះ យើងទទួលបានជោគជ័យ ដូច្នេះនៅឆ្នាំក្រោយ សហព័ន្ធនឹងរៀបចំឲ្យនៅពហុកីឡដ្ឋានជាតិវិញម្តង ដែលមានទីធ្លាធំ នឹងអាចមានទ្រង់ទ្រាយធំជាងនេះ។ លោកប្រធានសហព័ន្ធបានអំពាវនាវឲ្យបណ្តាដៃគូឧបត្ថម្ភនានាបន្តការជួយជ្រោមជ្រែង និងឧបត្ថម្ភនៅការប្រកួតលើកក្រោយៗទៀត ដើម្បីរួចំណែកអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែមានកម្រិតបច្ចេកទេសកាន់តែខ្លាំងក្លាបន្ថែមទៀត ប្រយោជន៍ឲ្យប្រភេទកីឡាសក្តា នុពលរបស់កម្ពុជាមួយនេះបន្តភាពខ្លាំងរបស់ខ្លួន នៅលើឆាកអន្តរជាតិ ពិសេសគឺព្រឹត្តិការណ៍ថ្នាក់តំបន់ង ស៊ីហ្គេម នាពេលបន្តបន្ទាប់ និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕