ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ ដណ្តើមពានរង្វាន់សហព័ន្ធ លើកទី១ ប្រចាំឆ្នាំ២០១៧ បាករកឃើញក្រុមខ្លាំង២ វគ្គជម្រុះក្នុងពូល ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលា ស្អែកនេះ ខណៈការប្រកួត វគ្គជម្រុះយ៉ាងសកម្ម នេះ ធ្វើនៅសួនច្បារត្រើយម្ខាង ជិតសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា លោក មាស សារិន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលដៅពង្រឹងគុណភាព សមត្ថភាពកីឡាករ កីឡាការិនី ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក តែងងតែណែនាំដល់សហព័ន្ធកីឡាជាតិធ្វើយ៉ាងណាសហព័ន្ធនីមួយៗត្រូវតែបង្កើតសកម្មភាព ទាំងការហ្វឹកហាត់ ប្រកួតជើងឯកថ្នាក់ជាតិ ប្រកួតអន្តរជាតិ តាមដែលអាចធ្វើទៅបាន។ គោលដៅទាំងនេះ គឺដើម្បីឈានទៅរកការចូលរួមព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ជាពិសេសគឺត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផងដែរ។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា សម្រាប់ការប្រកួតឆ្នាំដំបូងនេះសហព័ន្ធរៀបចំត្រឹមតែ៨ក្រុម ដោយមានវិញ្ញាប្រកួតបរស-នារី អាយុចាប់ពី១៥ឡើង ក្នុងក្លីបនីមួយៗ អាចដាក់ពាក្យកីឡាករ កីឡាការិនីរបស់ខ្លួនចូលរួមបាន គឺបុរស១ក្រុម និងនារី១ក្រុម ដោយលេង៣នាក់ ទល់៣នាក់ និងកីឡាករ ឬកីឡាការិនីបម្រុង២នាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់សហព័ន្ធលើកទី១នេះបានចាប់ផ្តើមការប្រកួតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល តាំពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ និងគ្រោងបញ្ចប់ជាមួយនឹងពិធីបំពាក់មេដាយជូនដល់ជ័យលាភី នាថ្ងៃទី២៥ តុលា ស្អែកនេះ៕