ព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាលទី៥ ឆ្នាំ២០១៧ បានប្រកាសបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចចុងសប្តាហ៍កន្លងទៅ ថ្មីៗនេះ ដោយឆ្នាំនេះមានក្រុមចូលរួមចំនួន៣០ ចែកចេញជា៧ពូល ដោយគ្រប់ការប្រកួតទាំងអស់ធ្វើឡើងនៅទីលាន Premium Sport Club និងគ្រោងបញ្ចប់នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។
លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសំណូមពរឲ្យកីឡាករទាំងអស់គោរពបទបញ្ជា តាមការសម្រេចរបស់អាជ្ញាកណ្តាល និងគណៈកម្មការរៀបចំការប្រកួត ដោយមិនត្រូវយកការឈ្នះ ឬចាញ់ជារឿងធំ ហើយត្រូវគិតជាសំខាន់លើបញ្ហាលេងកីឡាដើម្បីសុខភាព សាមគ្គីភាព និងរឹតចំណងមិត្តភាព។ នេះជារដូវកាលទី៥ហើយ បន្ទាប់ពីរដូវកាលទី១រៀបចំឡើងកាលពីឆ្នាំ២០១៣ ដែលមានគោលបំណងរឹតចំណងសាមគ្គីភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមបណ្តាក្រសួង និងស្ថាប័នរដ្ឋនានា។ ក្នុងចំណោមក្រុមចូលរួមចំនួន៣០ ត្រូវបានបែងចែកជា៧ពូល ពោលចាប់ពីពូល A ដល់ E ដោយមាន៤ក្រុមក្នុងមួយពូល ខណៈពូល F និង G មាន៥ក្រុម ក្នុងមួយពូល។
ថ្លែងក្នុងបទសម្ភាសន៍ជាក្រុមអ្នកសារព័ត៌មាន, លោក សុខ សប្បាយណា ប្រធានគណៈកម្មការរៀបចំការប្រកួតគូសបញ្ជាក់ថា គោលបំណងនៃការប្រកួតពាននេះឡើងគឺផ្តោតលើកត្តាសំខាន់ចំនួន៣ គឺទី១រឹតចំណងមិត្តភាពរវាងក្រសួង-ស្ថាប័នឲ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរ។ ទី២ជាផ្នែកមួយជួយបំផុសស្មារតីកីឡានៅកម្ពុជា និងសុខភាព និងទី៣ដែលជាកត្តាសំខាន់បំផុតនោះ គឺថវិកាដែលទទួលបានពីការរៀបចំនេះបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។ ជាពិសេសក្រុមជាជើងឯកតែម្តងគឺបរិច្ចាគថវិកាទាំងអស់ដល់មន្ទីរគន្ធបុប្ផា។
សម្រាប់ការប្រកួតបើកឆាក ក្នុងពូល A គឺក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាក្រុមការពារម្ចាស់ជើងឯករដូវកាលចាស់ ២០១៦ កន្លងទៅទៅ រកបាន៣ពិន្ទុទាំងលំបាក បន្ទាប់ពីយកឈ្នះក្រុមក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងលទ្ធផល ១ទល់០ នៅចុងម៉ោង ខណៈក្រុមក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានយកឈ្នះក្រុមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយលទ្ធផល ៣ទល់២។