នៅល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងបន្តការប្រកួតទី២របស់ខ្លួន ដោយត្រូវតតាំងជាមួយ U-22 នៃសាកលវិទ្យាល័យជប៉ុន នៃពានរង្វាន់ KBZ Bank Cup 2017 ដែលធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា។
ការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០ នាទីរសៀលសម្រាប់ម៉ោងនៅកម្ពុជា ធ្វើឡើងនៅកីឡដ្ឋាន Thuwana Stadium ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MRTV ដែលជាទូរទស្សន៍ក្នុងស្រុករបស់មីយ៉ាន់ម៉ាផងដែរ។
រំលឹកទៅការប្រកួតបើកឆាករបស់ក្រុមទាំង២ ក្រុម U-22 សាកលវិទ្យាល័យជប៉ុន គឺធ្វើបានល្អជាងដោយបានយកឈ្នះ ក្រុម U-22 ហុងកុង ដោយលទ្ធផល ២ទល់០ ស្របពេលដែល U-22 កម្ពុជា បានចាញ់ក្រោមថ្វីដៃម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា ដោយលទ្ធផល ៤ទល់១។
គួរបញ្ជាក់ថា ពានរង្វាន់ KBZ Bank Cup Myanmar 2017 នេះមានការចូលរួមពីប្រទេសចំនួន៤ រួមមាន ម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, U-22 កម្ពុជា, U-22 កោះហុងកុង និង U-20 ជប៉ុន (ជម្រើសសាកលវិទ្យាល័យ) ជាការប្រកួតមួយក្នុងការត្រៀមសម្រាប់ការប្រកួតផ្លូវការសម្រាប់ប្រទេសរៀងៗខ្លួននាខែកក្កដាខាងមុខនេះ៕
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា