កីឡាករ ចាន់ វឌ្ឍនាកា ផ្ញើរសារដល់គាំទ្រសូមចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃស្អែក ឲ្យបានច្រើនដូចការប្រកួតកន្លងមក និងរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ជៀសវាងបង្ករបញ្ហាផ្សេងៗ ដោយកន្លងមករូបគេបានមើលឃើញថា មានអ្នកគាំទ្រមួយចំនួនតូចតែងតែបង្ករបញ្ហាវាយតប់គ្នា ដែលនេះមិនមែនជាស្មារតីគាំទ្រពិតប្រាកដឡើយ។ ខ្សែប្រយុទ្ធឆ្នើមដែលប្រកបអាជីពនៅក្លឹប Fujida MYFC របស់ប្រទេសជប៉ុនលើកឡើងបែបនេះក្រោយបញ្ចប់សន្និសីទសារពត័មាន ថ្ងៃទី០៧ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។
កីឡាករប្រយុទ្ធឆ្នើមខាងលើបន្តទៀតថា សង្ឃឹមថាជំនួបនៅថ្ងៃស្អែកក្រុមកម្ពុជា និងក្រុម ឥណ្ឌូណេស៊ី នឹងមានអ្នកគាំទ្រច្រើនដូចការប្រកួតកន្លងមក ព្រោះថានេះការប្រកួតដ៏ទាក់ទាញមួយ ដែលអាចធ្វើឲ្យប្រទេសទាំងពីរបង្កើននូវកម្រិតបច្ចេកទេស ជាពិសេសសម្រាប់ក្រុមកម្ពុជា ដើម្បីត្រៀមប្រកួតជាមួយក្រុម Afghanistan ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ខាងមុខ។ ខ្សែប្រយុទ្ធក្លិប Fujida YFC រូបនេះបញ្ជាក់ទៀតថា ថ្វីដ្បិតតែខ្លួនមិនបានចូលរួមហ្វឹកហាត់ជាក្រុមជម្រើសជាតិទាន់ពេល ប៉ុន្តែខ្លួនបានព្យាយាមហ្វឹកហាត់កម្លាំង និងបច្ចេកទេសស៊ុតឲ្យចំគោលដៅ មុនចូលរួមជាមួយក្រុមជម្រើសនាពេលនេះ ហើយការហ្វឹកហ្វាត់រយៈពីរថ្ងៃមកនេះឃើញថា ក្រុមជម្រើសជាតិមានការខំប្រឹងហ្វឹកហាត់ខ្លាំង និងលេងយល់ចិត្តគ្នាបានច្រើនជាងមុន។ ចាន់ វឌ្ឍនា សង្ឃឹមថា ការប្រកួតនៅស្អែកក្រុមកម្ពុជានឹងធ្វើបានល្អ។ បើទោះជាមានការប្រមួលផ្តុំលើកនេះសម្បូរទៅក៏កីឡាករថ្មី និងក្មេងៗ ក្រោម ២៣ឆ្នាំក៏ដោយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមកម្ពុជា និងក្រុមឥណ្ឌូនេស៊ី ធ្វើនៅថ្ងៃទី ៨ខែមិថុនា ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០នាតី និងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV៕