លោក ថោង រដ្ឋស័ក្ត អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឱ្យដឹងថា កីឡាករ២រូប ក្នុងចំណោម៨រូប បានឈ្នះមេដាយ២គ្រឿង ពីការប្រកួតកីឡាទូកក្តោងជាលក្ខណៈអន្តរជាតិ JOHOR International Regatta 2018 ដែលបានបញ្ចប់កាលពីដើមសប្តាហ៍នេះ នៅទីក្រុង JOHOR Baru ប្រទេសម៉ាឡេស៊ី។
អនុប្រធានសហព័ន្ធរូបនេះបានបញ្ជាក់ថា ការប្រកួតនេះមាន៦ប្រទេសចូលរួម រួមមាន ម្ចាស់ ផ្ទះម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ សិង្ហបុរី ប្រ៊ុយណេ និងកម្ពុជា ដោយមានកីឡាករសរុប ២៨៥ នាក់។ ដោយឡែកសហព័ន្ធទូកក្តោងកម្ពុជាបានបញ្ជូនអត្តពលិក៨នាក់ចូលរួម ដែលដឹកនាំ ដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការរង សហព័ន្ធកីឡាទូកក្តោងកម្ពុជា។
ជាលទ្ធផល កម្ពុជាឈ្នះមេដាយ២គ្រឿង ក្នុងនោះកីឡាករវ័យក្មេង ហៀង ស៊ុនហេង ដែលមានអាយុទើបតែ១៦ឆ្នាំ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Windsurfing Techno 293 ខណៈកីឡាករ សូត្រ មេសា ឈ្នះ មេដាយសំរឹទ្ធ។ លោក ថោង រដ្ឋស័ក្ត អះអាងថា ទាំងអស់ នេះគឺជាសមិទ្ធផល ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាសម្រេចបានក្រោមការដឹកនាំ និងជួយ ឧបត្ថម្ភទាំងថវិកា ទាំងសម្ភារៈពី ឯកឧត្តម ថាង ហ្គោដុន ប្រធានសហព័ន្ធកីឡាទូកក្តោង កម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបន្តថា មុនឈ្នះ មេដាយនេះ សហព័ន្ធធ្លាប់បញ្ជូនកីឡាករទៅចូលរួមការប្រកួតទូកក្តោង ជាលក្ខណៈអន្តរជាតិ ចំនួន២លើករួចមកហើយ កាលពីខែមករា បានបញ្ជូនកីឡាករចំនួន០៣នាក់ ទៅប្រកួតនៅ ប្រទេសថៃ និងខែកុម្ភៈ សហព័ន្ធបានបញ្ជូនកីឡាករ៤នាក់ទៅប្រកួតវគ្គជម្រុះ កីឡាយុវជន អូឡាំពិកនៅប្រទេសសឹង្ហបុរី។
សូមរម្លឹកថា នេះគឺជាមេដាយទី៣ហើយ ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឈ្នះពីព្រឹត្តិ ការណ៍អន្តរជាតិ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្នុងនោះមានមេដាយប្រាក់១ សំរឹទ្ធ២គ្រឿង៕