គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​លោក Gerd Zeise បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ត្រៀម​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា​និង​ឥណ្ឌាក្នុង​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ពាន​ AFC Asian Cup​ 2019។

ក្រុម​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​ស្ថិត​ក្នុង​លេខ​៣​តារាង​ពូល​ A វគ្គ​ជម្រុះ​ជុំ​ទី​៣​ពាន​រង្វាន់​ជើង​ឯក​ទ្វីបអាស៊ី​នៅ​ប្រទេស​អារ៉ាប់រួម​ឆ្នាំ​២០១៩។ ខណៈ​ពេល​ដែល​ឥណ្ឌា​មាន​កៅអី​លេង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ​នោះ ការ​ប្រជែង​យក​លេខ​២​ក្នុង​ពូល​គឺ​ជា​សមរភូមិ​ក្ដៅ​គគុក​រវាង​មីយ៉ាន់ម៉ា​ និង​គៀស៊ីស្ថាន​ ខណៈ​ម៉ាកាវ​ស្ថិត​ក្នុង​បាត​តារាង​មិន​ទាន់​មាន​ពិន្ទុ​ក្នុង​ដៃ​នៅ​ឡើយ។

ជ័យជម្នះ​លើ​ឥណ្ឌា​គឺ​ជា​អ្វី​ដែល​ក្រុម​ឥទ្រ្ទីស​មួយ​នេះ ​ត្រូវ​យក​ឲ្យ​បាន​​ ខណៈ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ កីឡដ្ឋាន​ Fatorda Stadium ក្នុង​ទី​ក្រុង​ Margao នៅ​ថ្ងៃ​ទី​១៤​វិច្ឆិការ។ ប៉ុន្តែ​មុន​ជំនួប​នេះ​ពួក​គេ​ត្រូវ​ជួប​ក្រុម​ដ៏​តឹងតែង​មួយ​ហើយ​លោក Zeise នៅ​មាន​ឱកាស​ស្ដារមុខមាត់​ដោយ​ត្រូវ​ជួប​ក្រុម​គូរប្រជែងរួម​តំបន់​កម្ពុជា។

មីយ៉ាន់ម៉ា​នឹង​មក​ដល់​ទី​ក្រុង​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ជួប​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា​ក្នុង​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មុន ពេល​ហោះ​ទៅ​កាន់​ប្រទេស​ឥណ្ឌា។ ក្រោម​ការ​ទន្ទឹង​រងចាំ​យ៉ាង​អន្ទះសារ​របស់​អ្នក​គាំទ្រ​កម្ពុជា ​​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី លោក ប្រាក់ សុវណ្ណារ៉ា​ ជាមួយ​នឹង​សមាសភាព​ក្រុម​ថ្មី​របស់​លោក​ ក្រោយ​ពេល​គ្រូ​បង្វឹក​ចាស់​លោក Leonardo ចាក​ចេញ​ពី​ដំណែង។ លទ្ធផល​ចាញ់​៣​ទល់​១​ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ ២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្នុង​ពាន ​AFF Suzuki Cup គឺ​ជា​ពេល​វេលាដែល​ក្រុម​គៅព្រៃ​កម្ពុជា​ត្រូវ​បង្ហាញ​ការ​ចង់​ឈ្នះ​របស់​ខ្លួន។

ក្នុង​ពាន​​ AFC Asian Cup 2019 កម្ពុជា​ក៏​មិនខុស​ពីមីយ៉ាន់ម៉ា​ដោយ​ឈរ​លេខ​៣​ក្នុង​ពូលហើយ​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ក្រុម​កំពូលតារាង​ហ្សកដានី​ដែល​ជា​ជំនួប​មួយ​ដ៏​កក្រើក។ វា​ចា​រឿង​ពិបាក​ដែល​កម្ពុជា​ត្រូវ​ឈ្នះ​ក្រុម​មក​ពី​អាស៊ីកណ្ដាល​មួយ​នេះ​ ប៉ុន្តែ​ការ​ប្រកួត​បាល់ទាត់​មិន​អាច​សន្និដ្ឋាន​បាន​ឡើយ ក្រោយ​អាជ្ញាកណ្ដាល​មិន​ទាន់​ផ្លុំកញ្ជែ​បញ្ចប់​ការ​ប្រកួត។

ចាំ​មើល​ថា​តើ​ជំនួប​ជាមួយ​មីយ៉ាន់ម៉ា ​និង​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​? តើ​លោក ប្រាក់ សុវណ្ណារ៉ា​ អាច​នាំ​កម្ពុជា​ស្ដារ​មុខមាត់​ឡើង​វិញ​បាន​ដែរ​ឬ​ទេ? អ្វី​ៗ​មិន​ទាន់​អាច​និយាយ​បាន មាន​តែ​រងចាំ​មើល​នៅ​ល្ងាច​ថ្ងៃ​ទី​០៩​ខែ ​វិច្ឆិកា ​វេលាម៉ោង ​៦​និង​៣០​នាទី​ខាង​មុខ​នេះ​ប៉ុណ្ណោះ៕