ក្រុមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់បានស្គាល់ជ័យជម្នះ៣ពិន្ទុដំបូង របស់ ខ្លួនពីក្រុមចំណូលថ្មី អគ្គិសនីកម្ពុជា សម្រាប់ការប្រកួតសប្តាហ៍ទី៩ ជើងទី១ ក្របខ័ណ្ឌលីគ កំពូលកម្ពុជា រដូវ កាល ២០១៧ នៅទីលានកងយោធពលខេមរភូមិន្ទ។

៩ប្រកួតរបស់ក្រុមស៊ីម៉ាក់ ឈ្នះ១ប្រកួត ស្មើ៤ប្រកួត និងចាញ់៤ប្រកួត មាន៧ពិន្ទុ ឈរនៅ ចំណាត់ថ្នាក់ លេខ១១ បណ្តោះអាសន្ន ក្នុងចំណោមក្រុមក្របខ័ណ្ឌលីគទាំង១២ ខណៈ៩ប្រកួតរបស់ ក្រុមអគ្គិសនីកម្ពុជា ឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់៥ប្រកួត មាន១០ពិន្ទុ ឈរនៅចំណាត់ថ្នាក់ លេខ៨ បណ្តោះអាសន្ន។

ឯកឧត្តម មួន វាសនា អគ្គលេខាធិការក្លឹបកីឡាបាល់ទាត់ស៊ីម៉ាក់បានមានប្រសាសន៍ថា សម្រាប់រដូវ កាល ២០១៧នេះក្រុមស៊ីម៉ាក់ នៅជើងទី១នេះមិនទាន់មានលទ្ធផលល្អប្រសើរនៅឡើយ ដោយសារក្រុមចូល រួមកើនឡើង ២ក្រុម លើសពីរដូវកាល ២០១៦កន្លងទៅ ដូច្នេះហើយ ស៊ីម៉ាក់ ត្រូវប្រជែងពិន្ទុជាមួយក្រុមខ្លាំងៗ ហើយមានការលំបាកក្នុងការស្វែងរកពិន្ទុ។

ទោះយ៉ាងនេះក្តី អគ្គលេខាធិការរូបនេះបានប្តេជ្ញាថា ស៊ីម៉ាក់នឹងត្រូវ ខិតខំបន្ថែមទៀត ធ្វើយ៉ាង ណារក្សាខ្លួនមិនឲ្យស្ថិតនៅក្នុងតំបន់ដែលគេកាត់ចោល ឬធ្លាក់ទៅលេងនៅលីគ ២ឡើយ។ ឯកឧត្តម មួន វាសនា បន្ថែមថា នៅជើងទី២ ក្រុមស៊ីម៉ាក់នឹងខិតខំប្រឹងប្រែងបង្កើនការហ្វឹកហាត់ និង ស្វែងរក កីឡាករ ថ្មីៗបន្ថែម ដើម្បីមកជួយក្រុមឲ្យកាន់តែខ្លាំងក្លា ក្នុងគោលដៅឲ្យស៊ីម៉ាក់ត្រូវបន្តលេងក្នុងក្រប ខ័ណ្ឌលីគកំពូលកម្ពុជាជាបន្តទៀត នារដូវកាលក្រោយ។

សម្រាប់លទ្ធផល៥ប្រកួតផ្សេងទៀត នាសប្តាហ៍ទី៩ដូចគ្នានេះដែរ គឺក្រុមអគ្គស្នងការដ្ឋាននគរ បាលជាតិ ប្រកួតចាញ់ណាហ្គាវើល ១ទល់២ ខណៈក្រុមក្រសួងការពារជាតិ ចាញ់វេស្ទើនភ្នំពេញ ២ទល់៣។ រីឯភ្នំពេញ ក្រោនឈ្នះបឹងកេត ៤ទល់០ ស្របពេលដែលគីរីវង់សុខសែនជ័យ និងអាស៊ីអឺរ៉ុប ចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សា លទ្ធផលស្មើគ្នា ២ទល់២ ហើយព្រះខ័នរាជស្វាយរៀង និងខេមបូឌាន ថាយហ្គឺ ក៏ចែកគ្នាម្នាក់១ពិន្ទុដូចគ្នាដែរ ក្រោយពីស្មើគ្នា ១ទល់១។

សូមបញ្ជាក់ថា ក្រុមទាំង១២នេះនៅសល់តែ២ប្រកួតទៀតដូចគ្នានឹងត្រូវបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទ ជើងទី១ហើយៗ ក្រុម ទាំងអស់នឹងបន្តជួបគ្នានៅជើងទី២បន្តទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗលើកំពូលតារាង ចំនួន៤ ប្រកួតនៅវគ្គ Play-Off ដណ្តើមឋានៈជាម្ចាស់ជើងឯក៕