ខ្សែបម្រើក្រុមភ្នំពេញក្រោន កីឡាករ អ៊ុក សុធីត្រូវបានលោក ប្រាក់ សុវណ្ណារ៉ាកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី ក្រោយខកខានអស់រយៈពេលដ៏យូរដើម្បីប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ានិងជម្រុះAFC Asian Cup 2019 ជាមួយហ្សកដានី។
ក្នុងរដូវកាលនេះបុរសមានវ័យ២៩ឆ្នាំធ្លាប់គេហៅថាម៉េសស៊ី ភ្នំពេញក្រោន ហាក់មិនបានចូលលេងក្នុងជម្រើសដំបូង១១នាក់ជាប់លាប់នោះទេ ប៉ុន្តែរូបគេបានប្ដេជ្ញាថា រករកជ័យជម្នះឲ្យកម្ពុជាហើយប្រឹងប្រែងប្រយុទ្ធដល់ទីបំផុត។
“ខ្ញុំពិតជារីករាយ និងភ្ញាក់ផ្អើលដែលមានឱកាសចូលលេងក្នុងជម្រើសជាតិម្ដងទៀត ដែលនេះជាក្ដីសុបិនរបស់កីឡាករគ្រប់ៗគ្នាដែលចង់លេងតំណាងឲ្យជាតិ។” ផេក The Morning បានស្រង់សម្ដីសុធី ដូចនេះ។
“ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងហ្សកដានីគឺជាក្រុមខ្លាំង ហើយវាពិតជាមិនងាយស្រួលនោះទេ ដែលចង់យកឈ្នះ ប៉ុន្តែសម្រាប់ការរៀបចំ ហ្វឹកហាត់របស់ពួកយើង យើងនឹងទទួលបានលទ្ធផលល្អហើយ ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយកីឡាករទាំងអស់ត្រៀមរួចរាល់ក្នុងការប្រកួត”។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបមីយ៉ាន់ម៉ានៅថ្ងៃទី០៩វិច្ឆិការវេលាម៉ោង៦ និង៣០នាទីក្នុងពហុកីឡដ្ឋានជាតិខណៈជួបហ្សកដានីនៅថ្ងៃទី១៥ខែវិច្ឆិកាក្នុងកីឡដ្ឋានដដែល។
តើ អ៊ុក សុធីអាចជាប់ជម្រើសដំបូងក្នុងការប្រកួតទាំងពីរលើកនេះដែរឬទេ?
រូបភាព៖ FFC, ប្រភព៖ The Morning