លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា NOCC បានដាក់ទៅដៅពង្រឹងសហព័ន្ធអត្តពលកម្មស្មាកចិត្ត និងសហព័ន្ធខ្មែរកីឡាហែលទឹក ដែលសហព័ន្ធទាំងពីរនេះ មានវិញ្ញសាច្រើនជាងគេ សម្រាប់ប្រជែងមេដាយនៅព្រឹតិ្តការណ៍កីឡាស៊ីហ្គេម លើទី៣២ នៅឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសរុបមេដាយ ជិត៣០០គ្រឿង ពោលគឺមេដាយមាស ជិន១០០គ្រឿង, មេដាយប្រាក់ ជិន១០០គ្រឿង និងមេដាយសំរឹទ្ធ ជិត១០០គ្រឿង ។
អគ្គលេខាធិការ NOCC បន្ថែមថា ប្រសិនបើយើងមិនរកយុទ្ធសាស្ត្រ គន្លឹះនៃការស្វែងរកមេដាយទេ នោះឆ្នាំ២០២៣ កម្ពុជាមិនអាចទទួលបានមេដាយច្រើនឡើយ ដូច្នេះយើងកំពុងតែឲ្យសហ័ពន្ធទាំងពីរ ពិនិត្យមើលផែនការយុទ្ធសាស្ត្ររបស់ខ្លួន និងសុំការជួយឧបត្ថម្ភកញ្ចប់ថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យសហព័ន្ធទាំងពីរ ប្រើប្រាស់សម្រាប់ពង្រីកផែនការរបស់ខ្លួនឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងកែទម្រង់នូវចំណុចខ្វះខាតមួយចំនួនទាំងផ្នែករដ្ឋាបាល ការគ្រប់គ្រោងដឹកនាំ និងផ្នែកបច្ចេកទេសឲ្យបានរឹងមាំ សម្រេចជោគវាសនា ប្រទេសជាតិ ក្នុងដណ្តើមមេដាយ នៅឆ្នាំ២០២៣។
លោកបញ្ជាក់បន្ថែមថា ដើម្បីរៀបចំឲ្យមានការប្រែប្រួលផ្នែកបច្ចេកទេស ត្រូវយកគ្រូបង្វឹកមកពីបរទេសមកបណ្តុះបណ្តាលគ្រូនៅកម្ពុជា និងឲ្យអត្តពលិកចេញទៅហ្វឹកហាត់នៅក្រៅប្រទេស។ ដោយប្រភេទកីឡាទាំងពីរនេះ មានវិញ្ញាសាច្រើន ដូច្នេះត្រូវផែនការលម្អិតមួយៗ ទៅតាមប្រភេទវិញ្ញាសា ដូចជាមាន រត់ ចោលស្នរ ចោលថាស លោតកម្ពស់ លោតចំងាយ ដោយគ្រាន់តែរត់ប្រណាំងបែងចែកជាច្រើនវិញ្ញាសាទៀត។
ប៉ុន្តែសម្រាប់កីឡាអត្តពលកម្ម យើងពុំទាន់មានហេត្ថារចនាសម្ពន្ធបានត្រឹមត្រូវនៅឡើយទេ ដោយសព្វថ្ងៃមានតែពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ឲ្យកីឡាករត់ប្រណាំងហ្វឹកហាត់ប៉ុណ្ណោះ ហេតុនេះយើងត្រូវកែទម្រង់នៅអ្វីដែលខ្វះខាត ដើម្បីឲ្យអត្តពលិកមានការហ្វឹកហាត់ត្រឹមត្រូវតាមលក្ខណៈស្តងដារមួយ ទើបសម្រេចឲ្យពួកគេទៅធ្វើការហ្វឹកហាត់កីឡដ្ឋានមរតកតេជោ ដែលមានទីលានខាងក្រៅដាំដោយស្មៅធម្មជាតិ អាចឲ្យពួកគេហ្វឹកហាត់ដូចជា ចោលស្នរ ចោលដុំដែក ចោលថាសបាន និងឲ្យបានគ្រប់វិញ្ញាសា។ ជាពិសេសវិញ្ញាសារត់លោតឆ្លងទឹក ជាវិញ្ញាសាមួយដែលពុំទាន់បណ្តាប្រទេសផ្សេងៗ លេងលើវិញ្ញាសានេះនៅឡើយ ដូច្នេះបើយើងអាចរៀបចំទីលានរត់នេះបាន នោះភាគរយខ្ពស់អាចយកមេដាយពីវិញ្ញាសានេះបាន នៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ កីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែឡប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕