មន្ត្រីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសុំលាលែងពីតំណែងជាប្រធាន ទៅជាអនុប្រធានវិញ ដោយយោងតាមសេចក្តីសម្រេចលេខ ០៥០ ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលស្គាល់លោកវ៉ាត់ ចំរើន ជាប្រធានសហព័ន្ធកីឡាល្បុក្កតោ ដែលនឹងត្រូវអស់សុពលភាពដល់ឆ្នាំ ២០២១។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋបាលនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឯម ហៀង បានបញ្ជាក់ថា ខណៈដែល លោក វ៉ាត់ ចំរើន សុំដកខ្លួនចេញពីសហព័ន្ធនេះ ព្រោះតែលោកមានភារកិច្ចមមាញ្ញឹកក្នុងការ រៀបចំផែនការឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជធ្វើជាម្ចាស់នោះ។ ដោយហេតុនេះសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញដើម្បីជ្រើសតាំងប្រធានសហព័ន្ធថ្មីក្នុងអាណត្តិទី ៤ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ស្អែកនេះ នៅទីស្នាក់ការ NOCC នឹងធ្ចើតាមរបៀបវារៈដោយមានវត្តមានលោកនាយឧត្តមសេនីយ៍ណឹម សុវត្ថិ និងលោកបណ្ឌិតចាន់ សារុន ជាអធិបតីផងដែរ ទាក់ទងទៅនឹងខ្លឹមសារផ្សេងៗ លោកមិនទាន់ដឹងថាយ៉ាងណានោះទេ ។
គូររំលឹកផងដែរថា លោកវ៉ាត់ ចំរើន បានឈរជាប្រធានសហព័ន្ធកីឡាល្បុក្កតោមួយរយៈកន្លងមកនេះ គឺជាការបន្តតំណែងពីលោកស៊ឹម វណ្ណា អតីតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានដែលបានលាឈប់៕