គ្រូបង្វឹកជម្រើសជាតិកីឡាជិះកង់កម្ពុជា ទើបតែបញ្ចប់វគ្គបណ្តុះបណ្តាល នៅប្រទេសកូរ៉េ ថ្លែងប្រាប់ Anachakkeila កាលពីម្សិលមិញ អំឡុងពេលហ្វឹកហាត់ដល់ក្រុមជម្រើសជាតិកីឡាប្រណាំងកង់ នៅ NOCC, លោក អេង លីន គ្រូបង្វឹកបានអះអាងថា លោករំពឹងថាអត្តពលិករបស់កម្ពុជានឹងធ្វើបានល្អ ហើយសង្ឃឹមពី៧០ ទៅ៨០% ថានឹងអាចឈ្នះមេដាយពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ នាខែសីហា ខាងមុខនេះជាក់ជាមិនខាន។ ជាមួយនឹងក្តីរំពឹងនេះ បន្ទាប់ពីលោកបានមើលឃើញថា កម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទាំង៧រូប ផ្នែកកីឡាប្រណាំងកង់នេះកំពុងតែបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លាជារៀងរាល់ថ្ងៃ ជាពិសេសគឺកម្រិតបច្ចេកទេសរបស់ពួកគេក៏កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
លោកបន្ថែមថា ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ អត្តពិកដែលមានកម្រិតខ្ពស់ជាង គែ គឺម៉ាឡេស៊ី ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម នៅសឹង្ហបុរី កាលពីឆ្នាំ២០១៥ កន្លងទៅ ហើយបន្ទាប់មក មានវៀតណាម ម្ចាស់មេដាយប្រាក់ និងថៃ ក៏ខ្លាំងដែរ ប៉ុន្តែយើងផ្តោតសំខាន់លើពីប្រទេស គឺម្ចាស់ផ្ទះម៉ាឡេស៊ី និងវៀតណាមនេះតែម្តង។
ចំណែកឯ កីឡាការិនីជម្រើសជាតិ ហេង ស៊ីវឡាង ដែលធ្លាប់បានចូលរួមក្នុងស៊ីហ្គេម នាពេលកន្លងមកនោះ បានបញ្ជាក់ដែរថា ខ្លួននឹងត្រូវប្រកួតលើវិញ្ញាសាជិះកង់ ៣០គីឡូម៉ែត្រ និង ១០១ គីឡូម៉ែត្រ។ សម្រាប់ការហ្វឹកហាត់នេះ កីឡាការិនីរូបនេះអះអាងថា ការហ្វឹកហាត់ត្រៀម ស៊ីហ្គេម ឆ្នាំ២០១៧នេះ មានភាពខ្លាំងក្លាជាងរៀងរាល់លើក ដោយសារក្រុមអត្តពលិកទាំងអស់បានហាត់បច្ចេកទេសលើចម្ងាយផ្លូវឆ្ងាយជាង១០០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ប្រភេទកីឡាប្រណាំងកង់កម្ពុជាត្រៀមបញ្ជូនកីឡាករ ៥នាក់ និងកីឡាការិនី២នាក់ ទៅចូលរួមប្រជែងមេដាយស៊ីហ្គេម នៅម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧នេះ ជាមួយនឹង២៣ប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ដោយមានអត្តពលិកសរុបចំនួន ១៤៤នាក់៕