ខ្សែបម្រើឆ្នើមរបស់ក្រសួងការពារជាតិ ច្រឹង ពលរ័ត្ន ខកខានជំនួបដំបូងជាមូយក្រុមជម្រើសរើសជាតិអាយុក្រោម ២២ឆ្នាំ ហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដោយបញ្ហារបួសជង្គង់ក្នុងអំឡុងពេលហ្វឹកហាត់ ឲ្យផ្សាំជាមួយទៅនឹងស្មៅធម្មជាតិ ខណៈមានកីឡាករ ២រូប ជាជម្រើសសម្រាប់ជំនួសតំបន់របស់ ពលរ័ត្ន បាន។ នេះតាមថ្លែងឲ្យដឹងពី លោក Leonardo Luis គ្រូបង្វឹកជម្រើសរើសជាតិកីឡាបាល់ទាត់កម្ពុជា នៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។

គ្រូបង្វឹកសញ្ជាតិប្រស៊ីលរូបនេះ បានឲ្យដឹងថា “នៅពេលនេះខ្ញុំ និងកូនក្រុមរបស់ខ្ញុំ បានផ្តោតសំខាន់ទៅលើកម្លាំង និងបច្ចេកទេសលេងកម្រិតខ្ពស់ ព្រោះការប្រកួតដែលជួបប្រទះនៅស៊ីហ្គេម គឺប៉ះជាមួយក្រុមដែលកម្រិតខ្ពស់ៗ ជាងយើង។ នៅពេលនេះកម្ពុជាបានរៀបចំរួចរាល់ហើយ ក្នុងហ្វឹកហាត់ជាមួយការយល់ចិត្តគ្នាបានល្អច្រើនហើយ ប៉ុន្តែអ្វីដែលកម្ពុជាជួបប្រទះទៅពេលនេះ ដោយសារតែកីឡាករខ្សែបម្រើកណ្តាល ច្រឹង ពលរ័ត្ន មានបញ្ហារបួស នៅក្នុងពេលហ្វឹកហាត់ ដោយមិនទាន់ប្រាកដថាគេ និងអាចជាសះស្បើយ នៅមុនពេល ជំនួបទី១ ប៉ះក្រុម ហ្វីលីពី ឬជំនួបទី២ ប៉ះក្រុមវៀតណាមនៅឡើយទេ ដោយកំពុងរង់ចាំនូវការព្យាបាលរបស់ក្រុមគ្រូពេទ្យឲ្យបានជាទាន់នៅពេលប្រកួត។”

លោក Leonardo Victorino បន្ថែមទៀតថា លោកមិនដែលមើលផ្លូវអវិជ្ជមានទេ គឺតែងតែមើលទៅលើផ្លូវវិជ្ជមាជានិច្ច ប្រសិនបើ ពលរ័ត្ន មិនអាចលេងបាននោះ ជាឱកាសល្អសម្រាប់កីឡាករផ្សេងទៀត បង្ហាញសមត្ថភាពរបស់ពួកគេ នៅតំបន់តួនាទីរបស់ ពលរ័ត្ន ។ មួយវិញទៀតអ្វីដែលខ្ញុំជ្រើសរើសកីឡករជម្រើសជាតិមក គឺជាកីឡាករដែរលោកមានជំនឿ ចំពោះសមត្ថភាពរបស់ពួកគេទើបយកមកចូលរួមក្រុម ក៏ដូចជាលោកមានទំនុកចិត្តទៅលើក ពលរ័ត្នដូចគ្នា។  លោក Leonardo បន្ថែមថា អ្វីដែលសំខាន់ គឺចង់បង្ហាញទៅដល់ ទ្វីបអាស៊ី និងប្រទេសនានា ថាកម្ពុជាកំពុងតែមានការរីកចម្រើនលើវីស័យបាល់ទាត់ តាមរយៈទម្រង់លេងល្អ សមត្ថភាព និងមានសាមគ្គីភាពគ្នាបានល្អ ខណៈដែលកម្ពុជាកំពុងឆ្ពោះទៅរកកម្រិតសមត្ថភាពលេង ជាមួយពួកគេដែរ។

សម្រាប់ពូល B មាន៦ក្រុម រួមមាន៖ កម្ពុជា, ថៃ, វៀតណាម, ហ្វីលីពីន, ទីម័រខាងកើត និងឥណ្ឌូណេស៊ី ខណៈ៥ក្រុម ក្នុងពូលA គឺម្ចាស់ផ្ទះ ម៉ាឡេស៊ី, សិង្ហបុរី, ឡាវ, ប្រ៊ុយណេ, មីយ៉ាន់ម៉ា។ សម្រាប់៥ប្រកួតរបស់កម្ពុជា ក្នុងពូល B នោះ នឹងត្រូវជួបជាមួយ ហ្វីលីពីន ថ្ងៃទី១៥ សីហា, ជាមួយ វៀតណាម ថ្ងៃទីទី១៧ សីហា, ជាមួយ ក្រុមការពារដំណែងជើងឯករដូវកាលចាស់ ២០១៥ ថៃ នាថ្ងៃទី២០ សីហា, ជាមួយទីម័រខាងកើត នាថ្ងៃទី ២២ សីហា និង១ប្រកួតចុងក្រោយវគ្គជម្រុះ នឹងត្រូវប៉ះជាមួយឥណ្ឌូណេស៊ី នាថ្ងៃទី២៤ សីហា៕