លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានលើកទឹកចិត្តដល់អត្តពលិកវាយកូនឃ្លីលើតុរបស់ខ្លួនធ្វើយ៉ាងណាខិតខំឲ្យអស់ពីសមត្ថភាព នៅក្នុងការប្រកួត ស៊ីហ្គេម លើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលនឹងចូលមកដល់ថ្ងៃទី១៩ សីហា ខាងមុខនេះ ដើម្បីដណ្តើមបាននូវលទ្ធផលល្អ ពីលើឆាកអន្តរជាតិ មកជូនជាតិមាតុភូមិ។
លោកឧកញ៉ា មានប្រសាសន៍ បន្ថែមថា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជននិងកីឡា, សហព័ន្ធបានត្រៀមកីឡាករ ចំនួន៥នាក់ និងគ្រូងបង្វឹក២នាក់ ដើម្បីចូលរួមប្រកួត ស៊ីហ្គេម នៅម៉ាឡេស៊ី លើកនេះ ហើយឯកឧត្តមមានជំនឿចិត្តលើកីឡាករ ១រូបគឺ លឹម សុខឡុង ដែលធ្លាប់ដណ្តើមបានមេដាយមាសការប្រកួតកីឡាជើងឯកនិស្សិតអាស៊ាន កាលពីឆ្នាំ២០១៦។
ប្រធានសហព័ន្ធរូបនេះបានផ្តាំផ្ញើឲ្យកីឡាករទាំងអស់ត្រូវខិតខំប្រឹងហ្វឹកហាត់បន្ថែមទៀត ទម្រាំដល់ថ្ងៃប្រកួត ហើយត្រូវគោរពវិន័យនិងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីទទូលបានលទ្ធផលល្អ ពីការប្រកួតស៊ីហ្គេមឆ្នាំនេះជូនប្រទេសជាតិ។ យ៉ាងណាក៏ដោយ ប្រធានសហព័ន្ធ ដែលជាអ្នកឧកញ៉ារូបនេះក៏បានផ្តាំផ្ញើជូនដល់កីឡាករវាយកូនឃ្លីលើតុទាំងអស់ថា ធ្វើយ៉ាងណា ចាញ់ក៏ដោយ ឈ្នះក៏ដោយត្រូវរក្សាបាននូវការគោរពវិន័យ ក្រមសីលធម៌ឲ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សា និងការកសាងកិត្តិយសជាតិ ភាពថ្លៃថ្នូនៅលើឆាកអន្តរជាតិផងដែរ។
ចំណែកឯគ្រូបង្វឹកជ្រើសរើសជាតិវាយកូនឃ្លីលើតុ លោក សំ បូរ័ត្ន បានបញ្ជាក់ថា ចាប់តាំងពីការប្រមូលផ្តូំហ្វឹកហាត់ក្រុមជម្រើសជាតិអស់រយៈពេលជាច្រើនខែមកនេះលោកសង្កេតឃើញថា កីឡាករទាំង៥រូបមានបច្ចេកទេសកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះពួកគេទទួលបានការត្រឹមហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃជាមួយនឹងការគោរពវិន័យ ក្រមសីលធម៌បាន យ៉ាងខ្ជាប់ខ្ជួនផងដែរ។
សូមបញ្ជាក់ថា កីឡាករជម្រើសជាតិវាយកូនឃ្លីលើតុទាំង៥នាក់នេះ ដែលត្រូវចូលរួម ក្នុងស៊ីហ្គេម នៅម៉ាឡេស៊ីនេះ រួមមាន៖ កីឡាករ ឃុន ផាន់និត, សារៈ ស៊ូព្រីង, សឹង តុលា, សំណាង វិរៈបុត្រ និងកីឡាករ លឹម សុខឡុង៕