ខ្សែការពារកណ្ដាលរបស់ភ្នំពេញក្រោន កីឡាករ កុក បូរីស បាននិយាយថា មានក្លឹបនៅក្រៅប្រទេសកំពុងបញ្ជូនភ្នាក់ងាររបស់គេមកពិភាក្សាយកទៅលេង ប៉ុន្តែរូបគេសុំពេលពិចារណាសិន។
កីឡាករខ្មែរកើតនៅបារាំងរូបនេះ បានចប់កុងត្រាជាមួយក្លឹបជើងឯក៦សម័យកាលភ្នំពេញក្រោនហើយ ហើយពេលនេះរូបគេកំពុងពិចារណាថាត្រូវតកុងត្រា ឬក៏ទៅលេងនៅក្រៅប្រទេស។ រូបគេបានប្រាប់អ្នកយកព័ត៌មានរបស់គេហទំព័រអាណចក្រកីឡាកាលពីសៅរ៍ថា៖” មានក្លឹបមួយចំនួនទាំងក្នុងក្រៅប្រទេស និងក្នុងស្រុកបានទាក់ទងខ្ញុំ តែខ្ញុំសប្បាយចិត្តជាមួយភ្នំពេញក្រោន។ ពេលនេះខ្ញុំផុតកុងត្រាហើយសម្រាក២ខែចាំមើលបន្តិចសិន។ ខ្ញុំមកទីនេះដើម្បីពិភាក្សាជាមួយគ្រូបង្វឹក PPCFC ពីការកុងត្រា “។
“ខ្ញុំចង់លេងនៅភ្នំពេញក្រោនបន្តទៀត ចង់ឈ្នះ Metfone League បន្តទៀត។ទោះលេង៥ឆ្នាំហើយ តែខ្ញុំចង់លេងទៀត។ ខ្ញុំចង់លេងពានអន្តរជាតិជាមួយក្រោនដូចជា AFC Cup ពានកម្រិតអន្តរជាតិ តែមិនដឹងថាក្លឹបបានលេងអត់ទេ។មានភ្នាក់ងារកីឡាករមកពីថៃទាក់ទងតែខ្ញុំ សុំសម្រាកយកពេលសម្រេចចិត្តសិន”៕