ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៣ ឆ្នាំ២០១៧ នៅខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរហើយ កាលពីម្សិលមិញ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃកន្លងទៅនេះ ដោយកីឡាករមកពីព្រះរាជាណាចក្រថៃ ដណ្តើមបានចំណាត់ថ្នាក់ល្អជាងគេ ក្នុងចំណោមសមាគម ក្លឹប និង២ប្រទេស ដែលបានចូលរួម។
ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានឲ្យដឹងថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៣នេះ មានក្លឹបសមាគចូលរួមប្រកួតចំនួន៨ ក្នុងនោះក៏មានប្រទេសជិតខាងចូលរួមចំនួន២ប្រទេសផងដែរ គឺថៃ និងវៀតណាម ដែលសរុបកីឡាករ-កីឡាការិនីចំនួន២០០នាក់។ ឯកឧត្តមបន្ថែមថា ការប្រកួតនេះបានរៀបចំឡើងក្នុងគោលដៅមួយបង្កើនសាមគ្គីភាព មិត្តភាព ពិសេស គឺចង់សម្រិតសម្រាំងជ្រើសរើសកីឡាការកីឡាការិនី ដែលមានទេពកោសល្យមកធ្វើការបណ្តុះបណ្តាលបំប៉នសមត្ថភាព ដើម្បីចូលរួមនៅក្នុងការប្រកួតវាយសីថ្នាក់ជាតិ និងកីឡាជាតិតំណាងឲ្យក្លឹបវាយសីក្រសួងមហាផ្ទៃ។
ឆ្លងកាត់ការប្រកួតរយៈពេល២ថៃ្ង វិញ្ញាសាប្រកួតវាយទោលបុរសអាយុក្រោម៣០ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ថៃ thanawath។ ប្រកួតវាយគូបុរសអាយុក្រោម៣០ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ វណ្ណ ចាន់ពិសី និងកីឡាករ សៀង គឹមហុង មកពីក្លិបមន្នីឋាបនា។ វិញ្ញាសាគូបុរសអាយុ៣០ឆ្នាំដល់៤០ឆ្នាំ លេខ១ កីឡាករ Karoon និង Monkol ថៃ។ វាយគូបុរសអាយុ៤០ដល់៥០ឆ្នាំ លេខ១ កីឡាករ គង់ ផល្លី និងចាន់ ណា មកពីក្លិបក្រសួងមហាផ្ទៃ។ វាយគូបុរសអាយុ៥០ដល់៦០ឆ្នាំ លេខ១ កីឡាករ Karoon និង Monkol ថៃ។ វាយគូបុរស ៦០ឆ្នាំឡើង លេខ១ កីឡាករ Saranya និង Suthamថៃ។ វាយគូនារីមិនកំណត់អាយុ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនីTidarat និងPreeyapom ថៃ។ ក្រៅពីជ័យលាភីលេខ១ ក៏មានចំណាត់ថ្នាក់លេខ២ និងលេខ៣ លើគ្រប់វិញ្ញាសាទាំងអស់ផងដែរ៕