កីឡាការិនីឆ្នើមកីឡាហែលទឹកកម្ពុជា​ ហែម ថុនវិទិនី ចែករំលែកបទពិសោធន៍របស់ខ្លួនរបស់ក្នុងវិស័យកីឡា ដល់សិស្ស​ និស្សិតចំនួន ១០០នាក់ ក្នុងទិវាកីឡាអូឡាំពិកពិភពលោក ខណៈដែលគណៈកម្មាធិការអូឡាំពិកពិភពតម្រូវគណៈកម្មាធិការអូឡាំពិកដែលជាសមាជិករៀបចំទិវានេះឡើង កាលព្រឹកថ្ងៃទី៣០ ខែមុថុនា នេះ នៅគណៈកម្មាធិការជាតិអូឡំពិកម្ពុជា។

កីឡាការិនីហែលទឹក ដែលរូមសម្រស់ស្រស់ស្អាតមិនចាញ់ាតារារូបនេះ នាងចាប់ផ្តើមរៀនកីឡាហែលទឹក តាំងមានអាយុ ៥ឆ្នាំ​មកម្ល៉េះ ហើយតែងតែមមកលេងនៅអាងហែលទឹកនៅពហុកីឡដ្ឋានជាតិ ដោយខ្លួនមិនដឹងថាអ្វីទៅ ដែលហៅថាកីឡា អ្វីដែលហៅថាការប្រកួតប្រជែងនោះទេ។ នាងតែងតែមកទីនោះគ្រាន់តែចង់លេងជាមួយក្មេងដែលមានអាយុស្របាលខ្លួនប៉ុណ្ណោះ ។ នាងបន្ថែមទៀត គ្រាន់តែដឹងថា ដល់ម៉ោងរៀនហែលទឹក ដឹងតែពាក់ពោងហែលលេង។ លុះដល់ថ្ងៃមួយម្តាយបានប្រាប់នាងថា នាងមករៀនហែលទឹកដូចគេដែរ ប៉ុន្តែដូចគ្មានប្រយោជន៍អ្វីសោះ នៅពេលដោះពោងចេញលង់ទឹក។ ដូច្នេះនៅថ្ងៃមួយម្តាយរបស់នាងបានបោះនាងចូលទៅកណ្តាលអាងទឹក នៅពេលនោះនាងភ័យខ្លាចណាស់ ហើយបន្ទាប់ថ្ងៃនោះមក ខ្លួនបានដាក់ចិត្តខិតខំរៀនហែលទឹកដោយគ្មានពាក់ពោងការពារ ។

កីឡាករិនីហែលរូបនេះបានបញ្ជាក់ថា ការលេងកីឡា គឺត្រូវកើតចេញពីចិត្តស្រឡាញ់ ទើបការហ្វឹកហាត់បានល្អ ហើយហែលទឹក គឺជាកីឡាមួយដែលពិបាកក្នុងការហ្វឹកហាត់ ។ នាងបានពន្យល់ពីការរៀនហែលទឹកលើកដំបូងថា នៅដែលយើងមិនដឹងមូលដ្ឋានគ្រឹះនៃការហែលទឹកនោះវាពិតជាពិបាកណាស់ នៅពេលដែលយើងភ័យខ្លាច វាកាន់តែធ្វើឲ្យយើងលង់ ដូច្នេះយើងត្រូវតាំងចិត្តឲ្យក្លាហាន និងត្រូវចាត់ទុកថាទឹក គឹជាមិត្តភ័ក្ររបស់យើង ទើបយើងអាចយកជ័យជម្នះ នៃការរៀនហែលទឹកនេះបាន។

ចាប់តាំងពីនាងដាក់ចិត្តស្រឡាញ់កីឡាហែលទឹក និងស្តាប់សិស្សច្បង ពូៗ របស់ខ្លួនជាកីឡាករហែលទឹកដែរនោះប្រាប់នាងថា   ឲ្យខិតខំហ្វឹកហាត់ កីឡានេះ ទៅថ្ងៃអនាគត និងក្លាយកីឡាការិនី ចេញទៅប្រកួតនៅក្រៅប្រទេសដំណាងឲ្យជាតិ ឲ្យស្គាល់ការប្រកួតនៅតាមបណ្តាប្រទេសផ្សេងៗ មានលក្ខណៈបែបណា។  ដូច្នេះនាងកើតក្តីស្រមៃមួយ ចាំផ្តើមហ្វឹកហាត់ជាមួយកីឡាករធំៗ ដ៏ទៃទៀត ដើម្បីឈានទៅរកការប្រកួតប្រជែង ។

វិទិនី បានឲ្យដឹងទៀតថា​ “ នៅថ្ងៃមួយ ខ្ញុំក៏បានចូលរួមប្រជែងជាមួយក្មេងៗ ដ៏ទៀត ដោយហែលដោយមានពោង ខ្ញុំមិនដឹងថាកន្លែងណាចំណុចត្រូវដល់ទីទេ ប៉ុន្តែពេលនោះខ្ញុំទទួលបានចំណាត់ថ្នាក់លេខ២ ខ្ញុំមិនសុខចិត្ត ព្រោះខ្ញុំចង់ចំណាត់ថ្នាក់លេខ១ នៅពេលទទួលរង្វាន់ ខ្ញុំមិនចុះពីកន្លែងទទួលរង្វាន់ទេ ហើយនៅពេលនោះមានលោកតា ឈ្នោះ យ៉ាន ឧត្តម បានសួរខ្ញុំថាហេតុអ្វីបានជាចៅមិនចុះពីកន្លែងទទួលរង្វាន់អញ្ចឹង ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំចង់ឈរនៅកន្លែងលេខ១ មិនចង់ឈរនៅលេខ២ទេ ។ ហើយគាត់ក៏បានលួងលោមខ្ញុំថា ចៅខិតខំហ្វឹកហាត់បន្ថែមទៀតនោះចៅ នឹងបានលេខ១ ជាមិនខាន់ “ ។

នាងបានបញ្ជាក់ចុងក្រោយថា កីឡាហែលទឹក ត្រូវមានឆន្ទះមុសមុតក្នុងការហ្វឹកហាត់  ដើម្បីឈានរកការប្រកួតជែង អភិវឌ្ឍខ្លួនឲ្យបានកាន់តែប្រសើរនាថ្ងៃអនាគត៕