ម្សិលមិញ​នេះ​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​សរសេរ​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា​ក្រុម​ជើង​ឯកលីគ​កំពូល​របស់​ប្រទេស​ស្កុតឡែន ៤៨​សម័យកាល​គឺ Celtic FC នឹង​ធ្វើដំណើរ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា នេះ។

ជុំ​វិញ​បញ្ហា​នេះ​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកែក​ថា​លោក​មិន​​បាន​ដឹង​រឿង​អ្វី​ទាល់តែ​សោះ ហើយ​លោក​ក៏​បាន​រំសាយ​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​​ក្រោយ​១​ថ្ងៃ ដែល​ក្រុម​លោក​បាន​យក​ឈ្នះ​ក្រុម​អាហ្វហ្គានីស្ថាន ១ទល់០ ក្នុង​វគ្គ​ជម្រុះ​ជើង​ឯកប្រចាំ​ទ្វីប​អាស៊ី (AFC Asian Cup) មក​ម៉្លេះ។

ចំណែក​ប្រភព​មក​ពី​មន្រ្តី​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មួយ​រូប​បាន​ឱ្យ​ដឹង​ថា​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​មិន​បាន​ដឹង​រឿង​ថា​ក្លិប Celtic FC មក​ប្រកួត​នៅ​កម្ពុជា នោះ​ទេ ប្រសិន​បើ​មាន​រឿង​នេះ​មែន​ក៏​គួរ​តែ​ដឹង​មុន​យ៉ាងតិច៣ខែឬ៦ខែ​មុន។

បើ​ងាក​ទៅ​មើល​ការ​ផ្សាព្វផ្សាយ​របស់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ឈ្មោះ​Football For Change ក្នុង​អត្ថន័យ​​ថា៖ «ដែលជាអង្គការយុវជនមួយ។ ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពីមូល​នីធិ Indochina Starfish Foundation – ISF Cambodia​វាជា​អង្គកា​រដែល​ មានបេសកម្ម មុតមាំ​ក្នុង​ការ​ផ្តល់​សេវាកម្ម​អប់រំ ​សេវាកម្មថែទាំសុខភាព និង លំហាត់​ប្រាណ​ដល់​ក្មេង​កំព្រា រឺ​ ក្រីក្រ​ទាំង​ឡាយ​នៅ​កម្ពុជា។ Football For Change​ (កីឡា​បាល់ទាត់​ដើម្បីការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត)​ រួមជាមួយ នឹង​ គ្រូ​បង្វឹក​ជំនាញ មកពី Celtic FC (ក្លិបបាល់ទាត់ Celtic) នឹង​ ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​អង្គកា​រនោះ​ ព្រម​ទាំង​ផ្តល់​វគ្គ​បណ្តុះបណ្តាល ២វគ្គ ដល់ក្មេងៗ និងយុវជនវ័យក្មេង។​ ពួក​យើង​មាន​សេក្តីរំភើបរីករាយ​ ចំពោះ​ព្រឹត្តិការណ៏នេះណាស់»។

យោង​តាម twitter របស់​ក្លិប Celtic FC វិញ​មិន​បាន​បង្ហាញ​កម្មវិធី​ណាមួយ​មក​ប្រកួត​នៅ​កម្ពុជា នោះ​ទេ ដោយ​បង្ហាញពី​កាល​វិភាព​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​Blau-Weiß Linz និង Rapid Wienរបស់​​ប្រទេស​អូទ្រីស និង​​ក្លិប​SK Slavia Praha របស់​ប្រទេស​ឆេក ប៉ុណ្ណោះ។

ដូច្នេះ​រឿង​ក្រុម Celtic FC មក​ប្រកួតនៅ​ខ្មែរ​ជា​រឿង​​មិ​ន​ពិត ព្រោះ​ថា​តាម​​គម្រោង​ដែល​​ថា​មក​ប្រកួត​នៅ​ថ្ងៃ​ទី២៧ មិថុនា តែ​នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ក្រុម​នេះ​ត្រូវ​ប្រកួត​ជាមួយ​ក្លិប Blau-Weiß Linz របស់​ប្រទេស​អូទ្រីស នោះ​ទេ។ ខុស​គ្នា​មួយ​ថ្ងៃ ហើយ​ត្រូវ​ធ្វើដំណើរ​​ឆ្លងទ្វីប​ទៀត តើ​រឿង​នេះ​អាច​ទៅ​រួច​ដែរឬទេ?