បាល់ទាត់៖ អតីតខ្សែការពារ Real Madrid កីឡាករ Pepe ត្រូវបានគេដឹងថា បាននិយាយប្រាប់អំឡុងការប្រកួតយប់មិញថា បាននិយាយបញ្ចុះបញ្ចូល Ronaldo ឲ្យទៅលេងនៅក្លឹបយក្សបារាំង PSG ជាមួយគ្នាវិញហើយបដិសេធក្រុមបិសាចក្រហម Man Utd។
ខ្សែប្រយុទ្ធស្លាបវ័យ៣២ឆ្នាំ មានព័ត៌មានថាចង់ចាកចេញពីទឹកដី Real Madrid ដោយសារបញ្ហារឿងទាក់ទាមនឹងពន្ធដារដ៏ស្មុកស្មាញ ហើយគ្រាន់តែព័ត៌មានចុះផ្សាយភ្លាម Man Utd, PSG ចាប់ផ្ដើមដេញថ្លៃយកតែម្ដង។ មានតែក្លឹប២នេះគត់ដែលបង្ហាញមហិច្ឆតាចង់បានខ្លាំងជាងគេ ដោយហ៊ានថ្លៃខ្ពស់ ខណៈនៅចិនគ្រាន់តែបង្ហាញចំណាប់តែអារម្មណ៍ប៉ុណ្ណោះ។
ចំណែកប្រភព MARCA បានបញ្ជាក់ថា Pepe ព្យាយាមអន្ទង Ronaldo ទៅលេងនៅក្លឹបមានមូលដ្ឋានទីក្រុងប៉ារីស ហើយក្លឹបមួយនេះជាជម្រើសល្អបំផុតសម្រាប់អ្នកទាំងពីរ ដោយខ្សែការពារវ័យ៣៤ឆ្នាំនិយាយដូចនេះ៖” តោះ! ទៅ PSG ជាមួយគ្នា។”
Ronaldo ត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទបំផុតជាមួយ Pepe ដោយពួកគេទាំងពីរនាក់ចំណាយពេលច្រើនលេងជាមួយគ្នានៅក្នុងជម្រើសជាតិ និង Real Madrid។ ហើយពេលនេះពួកគេក៏លេងជាមួយគ្នាទៀតក្នុងពាន Confederations Cup នៅរុស្សី។
អ្នកទាំងពីរត្រូវបានគេចាប់វីដេអូបាន អំឡុងពេលប្រកួតយប់មិញ ហើយបើតាម Metro Sport និយាយថា Pepe នឹងប្រឹងអស់សមត្ថភាពក្នុងអន្ទង Ronaldo ទៅលេងនៅបារាំង។ អតីតខ្សែការពារកណ្ដាលលេងនៅស្ដេចស១០ឆ្នាំរូបនេះបានផុតកំណត់កុងត្រាជាមួយក្លឹបហើយៗ រដូវកាលថ្មីនេះ រូបគេនឹងទៅលេងនៅក្លឹបមហាសេដ្ឋីបារាំង PSG៕