ខណៈដែលកុងត្រាជាមួយ Manchester United នៅសល់តែ៤ខែទៀតនោះ Zlatan Ibrahimovic នឹងចាកចេញពី Old Traford នៅក្នុងសប្ដាហ៍នេះហើយ។
តាមប្រភព ESPN ខ្សែប្រយុទ្ធវ័យចាស់ ត្រូវបានអនុញ្ញាតឲ្យចាកចេញភ្លាមៗ ហើយនឹងទៅចូលរួមជាមួយក្លឹបលេងនៅលីកកំពូលអាមេរិកក្នុងអាទិត្យនេះ។ Ibrahimovic ដែលរកបាន២៩គ្រាប់កាលពីរដូវកាលមុន មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រុម LA Galaxy កាលពីរដូវក្ដៅមុននេះ មុនពេលគាត់បន្តស្នាក់នៅ Old Trafford មួយរដូវកាលទៀត។
អញ្ចឹងក៏ដោយ! បិសាចក្រហមបានទិញខ្សែប្រយុទ្ធ Everton កីឡាករ Romelu Lukaku ក្នុងតម្លៃ៨៥លានអឺរ៉ូ បានធ្វើឲ្យឱកាសលេងរបស់គាត់ត្រូវកាត់បន្ថយ ទោះបីជាគាត់ជាពីរបួសជង្គង់ដ៏ធ្ងន់ហើយក៏ដោយ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៧ដងឲ្យ Manchester United រដូវកាលនេះគ្រប់ពានរង្វាន់ ប៉ុន្តែចូលលេងជម្រើសដំបូងបានតែមួយប្រកួតប៉ុណ្ណោះក្នុង Premier League។
គាត់ចូលលេងនៅវគ្គទី២ក្នុងការប្រកួតដែល Man United ស្មើជាមួយ Buernley ២-២ក្នុងថ្ងៃ Boxing Day ហើយចាប់ពីពេលនោះមកគាត់មិនបានចូលលេងទៀតទេ។ប៉ុន្តែប្រភព Goal.Com បានរាយការណ៍ថាអតីតខ្សែប្រយុទ្ធ PSG រូបនេះបានបំពេញឯកសារនិងយល់ព្រមគ្រប់យ៉ាងដើម្បីផ្ទេរទៅលេងនៅអាមេរិករួចទៅហើយ គ្រាន់តែសាមីខ្លួនកីឡាករមិនទាន់បានធ្វើដំណើរនិងប្រកាសផ្លូវការតែប៉ុណ្ណោះ៕