គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានអះអាងថា កីឡាករសញ្ជាតិវែល Gareth Bale មានការពេញចិត្តនិងរួមរស់ជាមួយ Real Madrid ជាបន្ដទៀត ទោះបីជាគេពុំសូវមានឱកាសចូលលេងដោយសារតែមានរបួសញាំញីក៏ដោយ។

កីឡាករជំនាញជើងឆ្វេងរូបនេះ មានរបួសតាំងពីរដូវកាលមុនមកម្លេះ ហើយរូបនេះបានបង្ហាញខ្លួនតែ២ដងប៉ុណ្ណោះនារដូវកាលនេះ ក្នុងការប្រកួត UEFA Champion League វគ្គចែកពូល និង បានដូរចូលចុងម៉ោង ២លើកកាលពីជំនួបវគ្គ១៦ក្រុមជាមួយ PSG។

មានពត៍មានចចាមអារ៉ាមជាច្រើនអំពីការប៉ុនប៉ងផ្ទេរកីឡាកររូបនេះទៅកាន់ទឹកដីអង់គ្លេសវិញ ដោយមានក្លឹបធំជាច្រើនចង់បានដូចជាក្លឹបចាស់របស់គេគឺ Tottenham Hotspur ក្លឹប Manchester United និង Chelsea ជាដើម។ ប៉ុន្ដែសម្រាប់លោកZidaneនៅតែមានជំនឿចិត្តលើរូបគេ ហើយបានពណ៍នាថា Bale គឺជាតួអង្គម្នាក់ដ៏សំខាន់នៅក្នុងក្រុមដែលលោកត្រូវការ។

Zidane បានប្រាប់និយាយក្នុងសន្និសិទ្ធសារពត៍មានមុនជំនួប La Liga ទល់និងក្រុម Girona នាថ្ងៃនេះថា ៖” គ្រប់គ្នាមានការគិតឃើញរៀងៗខ្លួន ប៉ុន្ដែខ្ញុំមិនគិតថាគេ (Bale) មិនសប្បាយចិត្តនោះទេ។ ខ្ញុំគិតថា គេរីករាយនិងជីវិតនៅទីនេះណាស់ រីករាយដែលបានក្លាយជាផ្នែកមួយនៃក្លឹបនេះ។ Bale បានបង្ហាញអោយអ្នកគ្រប់គ្នាឃើញថា គេគ៏ជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុមមួយនេះ”។

Goal.com