គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានលើកឡើងថាក្រុមរបស់លោករួចរាល់ហើយសម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ទល់នឹង Liverpool នៅទីក្រុង Kiev ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។

គ្រូបង្វឹកសញ្ជាតិបារាំងបានបន្ថែមទៀតថា ៖ “ខ្ញុំនឹងមិនប្រាប់អ្នកអំពីប្រព័ន្ធលេងឬកីឡាករដែលត្រូវលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Liverpool ឡើយ។ អ្វីដែលខ្ញុំនឹងប្រាប់អ្នកគឺថាក្រុមរបស់ខ្ញុំរួចរាល់ហើយ។ ពួកយើងគ្មានបញ្ហារបួសទេនៅថ្ងៃនេះ ដែលជារឿងសំខាន់បំផុតសម្រាប់ខ្ញុំនិងកីឡាករ។ ឥឡូវយើងទាំងអស់គ្នាត្រៀមខ្លួនដើម្បីលេងការប្រកួតចុងក្រោយ គឺវគ្គផ្ដាច់ព្រ័ត្ររបស់យើង ដែលជារឿងដ៏ស្រស់បំព្រងបំផុតប្រចាំរដូវកាល”។

“យើងមិនអាចនិយាយពី La Liga បានទេ។ វាចប់ហើយ។ អ្វីដែលយើងមានគឺវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយខ្ញុំអាចប្រាប់អ្នកបានថាពួកយើងសប្បាយចិត្តណាស់ក្នុងការលេងវគ្គផ្ដាច់ព្រ័ត្រ។ យើងចង់ឈ្នះគ្រប់ពាន ប៉ុន្តែឆ្នាំនេះវាមិនអាចទៅរួចក្នុងការឈ្នះ La Liga ដូច្នេះវាជាពេលដែលយើងត្រូវផ្ដោតលើវគ្គផ្ដាច់ព្រ័ត្រ Champions League” បុរសវ័យ៤៥ឆ្នាំបានបន្ថែម។

គួរបញ្ជាក់ថា ការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។