ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos អាចនឹងត្រូវខកខានលេងក្នុងការប្រកួតវគ្គ៤ក្រុមចុងក្រោយ Champions League បន្ទាប់ពី Real Madrid បានទម្លាក់ Juventus ដោយបាល់ពិន័យ១១ម៉ែត្រកាលពីយប់មិញ។
ការប្រកួតកាលពីយប់មិញក្រុមជើងឯកអ៊ីតាលីស្ទើរតែសម្រេចគោលបំណងបានលេងវគ្គបន្ថែម១៥នាទីពីរដងទៅហើយមុនពេលអាជ្ញាកណ្ដាលលោក Michael Oliver ផ្ដល់បាល់ពិន័យ១១ម៉ែត្រឲ្យ Real Madrid សម្រាប់កំហុសរបស់ Mehdi Benatia ទៅលើ Lucas Vazquez។
កីឡាករ Juventus ទាំងអស់បានខកចិត្តជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលនិងករណីកាតក្រហមឲ្យ Gianluigi Buffon ដេញចេញពីការប្រកួតក្រោយពេលកាយវិការមិនសមរម្យដាក់អាជ្ញាកណ្ដាល។ ចំណែកRomos ដែលដំបូងឡើយអង្គុយមើលតាំងពីកន្លែងអ្នកទស្សនាធម្មតាចុះមកក្រោមរហូតជិតច្រកផ្លូវកីឡាករចេញចូលប្រកួតដោយសារតែទ្រាំនឹងទិដ្ឋភាពនៃការប្រកួតមិនបាន។ គាត់មិនបានលេងយប់មិញដោយសារជាប់បម្រាមកាតលឿង២ដងក្នុង២ប្រកួតកាលជើងទីមួយនៅទឹកដី Turin។
អញ្ចឹងក៏ដោយ Ramos អាចនឹងត្រូវជាប់ពិន័យបន្ថែមទៀតក្នុងវគ្គ៤ក្រុមចុងក្រោយពេល Real Madrid អាចនឹងជួប Liverpool, Roma ឬក៏Bayern Munich បន្ទាប់ពីគាត់ចេញពីកៅអីអង្គុយដំបូងរបស់គាត់មកឈរនៅមាត់ច្រកចេញចូលកីឡដ្ឋាន។ លើសពីនេះ Ramos ក៏មានបញ្ហាតមាត់តកជាមួយគ្រូបង្វឹក Juventus លោក Massimiliano Allegri មុនពេលRonaldo ទាត់បាល់ពិន័យ។
បើតាមបទបញ្ជាផ្ទៃក្នុងរបស់ UEFA កីឡាករដែលជាប់បម្រាមគ្មានសិទ្ធចូលក្នុងតំបន់ហាមឃាត់មួយចំនួននៃទីលានអំឡុងការប្រកួតនិងការប្រកួតចប់ភ្លាមៗ។ប្រភពជិតស្និតជាមួយ Real Madrid បាននិយាយប្រាប់វិទ្យុអេស្ប៉ាញ Cadena COPE ថាមន្រ្តីរបស់ក្លឹបព្រួយបារម្ភថា Ramos អាចល្មើសបទបញ្ជាផ្ទៃក្នុងរបស់ UEFA ប៉ុន្តែអំឡុងពេលនោះគ្មាននរណាប្រាប់ខ្សែការពាររូបនេះឲ្យចេញទៅវិញឡើយ។
របាយការណ៍មួយចំនួនទៀតក៏បានបញ្ជាក់ថាផងដែរថា មានបញ្ហាប្រទាញប្រទង់គ្នារវាងកីឡាករJuventus ដែលខកចិត្តជាមួយអាជ្ញាកណ្ដាល Oliver ខណៈដែលកីឡាករ Real Madrid មួយចំនួនស្រែកហ៊ោអបអរជ័យជម្នះរបស់ខ្លួន៕
tWw9D5X30SU