Ronaldinho បាន​និយាយ​ថា​ Paul Pogba អាច​ឈ្នះ​ពាន​ Ballon d’Or​នៅ​ថ្ងៃ​ណា​មួយ​ហើយ​អតីត​វីរបុរស​ប្រេស៊ីល​និង​Barcelona រូប​នេះ​បន្ត​ថា​រូប​គេ​គួរ​តែ​គោរព​លោក ​Jose Mourinho ផង​ដែរ។

ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​បម្រើ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក Pogba បាន​បង្ហាញ​សមត្ថភាព​របស់​គេ​ជួន​កាល​លិច​ជួន​កាល​អណ្ដែត​នៅ​កីឡដ្ឋាន ​Old Trafford។ និយាយ​ពី​ពាន​Ballon d’Or វិញ​ចាប់​តាំង​ពីរ​ឆ្នាំ​២០០៨​មក​ Ronaldo និង Messi ចែក​គ្នា​៥​ដង​ម្នាក់ ​ខណៈ​ដែល ​Kaka ជា​កីឡាករ​ចុង​ក្រោយ​ទទួល​បាន​នៅ​ឆ្នាំ ២០០៧។

ប៉ុន្តែ​ម្ចាស់​ពាន​២០០៥ ​Ronaldinho ជឿ​ថា​ Pogba អាច​បញ្ចូល​ឈ្មោះ​គាត់​ទៅ​ក្នុង​បញ្ជី​អ្នក​ឈ្នះ​ពាន​ Ballon d’Or។ “ គាត់​អាច​ឈ្នះ​ពាន​ Ballon d’Or ដោយ​គ្មាន​មន្ទិល​សង្ស័យ​។ ខ្ញុំ​ឃើញ​ថា​ Pogba ដូច​ជា​មិត្ត​ម្នាក់​​ខណៈ​ដែល​ខ្ញុំ​មិន​បាន​មើល​ឃើញ​ខ្លួន​ឯង​ជា​​ Idol របស់​គាត”។

“គាត់​នៅ​ក្មេង មាន​ទេពកោសល្យ​ហើយ​មាន​សមត្ថភាព​លេង​គ្រប់​កន្លែង​។ គាត់​អាច​លេង​មិន​ប្រកាន់​តួនាទី ការពារ បម្រើ​ឬ​ប្រយុទ្ធ”។

“ គាត់​ជា​កីឡាករ​មាន​បុគ្គលិកលក្ខណៈ​ជា​កីឡាករ​ម្នាក់​ដែល​បំពេញ​ចន្លោះ​គ្រប់​កន្លែង​ គាត់​បង្កើត​ប្រវត្តិសាស្រ្ត”៕