ការត្រឡប់មក Manchester United របស់ខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo មិនមែនជាសន្លឹកបៀរដែលត្រូវលេងនៅពេលនេះទេ។ នេះជាសម្ដីរបស់លោក Jose Mourinho។
គ្រូបង្វឹកព័រទុយហ្គាល់ បាននិយាយធ្វើស្ថានភាពព័ត៌មានចចាមអារ៉ាមជាប់ទាក់ទងនឹង Ronaldo ត្រឡប់មក Old Trafford ឲ្យមានស្ថានភាពត្រជាក់ឡើងវិញ ដោយលោកថាមិនចង់ឲ្យស្ថានភាពនេះកាន់មានសភាពអាក្រក់ទៅៗដល់ Real Madrid ដែលកំពុងតែឆេះនោះទេ។
កីឡាករវ័យ៣២ឆ្នាំ មានព័ត៌មានចចាមអារ៉ាមធ្វើការត្រឡប់មកអង់គ្លេសវិញជាច្រើនដង ពិសេសដោយសារបញ្ហាពន្ធដារជាមួយរដ្ឋអាជ្ញាអេស្ប៉ាញ។ កុងត្រារបស់ Ronaldo នៅទីក្រុងម៉ាឌ្រីដដល់ឆ្នាំ២០២១ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងអ្វីត្រូវបានធ្វើនៅឡើយ ដោយគេជឿថាខ្សែប្រយុទ្ធរូបនេះចង់បានប្រាក់ឈ្នួលបន្ថែម ទោះបីបង្ហាញទម្រង់លេងមិនសូវល្អដោយរកបានត្រឹមតែ៦គ្រាប់ក្នុងចំណោម១៥ប្រកួតនៃពាន La liga រដូវកាលនេះ។
របាយការណ៍មួយចំនួនបានសន្និដ្ឋានថា Madrid ចង់ចុះកុងត្រាយក Neymar ពី PSG មកជំនួសពេលចប់រដូវកាលនេះហើយនឹងអនុញ្ញាតឲ្យ Ronaldo ចាកចេញ ខណៈដែលថាក្លឹបមានកីឡដ្ឋានឈ្មោះ Old Trafford ចង់បានកីឡាករ៣២ឆ្នាំត្រឡប់ទៅវិញ។ Mourinho ដែលកំពុងជៀសវាងបង្កើតបញ្ហាកាន់តែអាក្រក់ដែល Real Madrid ជួបប្រទះថ្មីៗ ពិសេសការធ្លាក់ចេញពីពាន Copa del Rey ដោយសារ Leganes ហើយតាមពិន្ទុ Barcelonaដល់ទៅ១៩ក្នុង La liga។ លោកបាននិយាយថា៖
“ ខ្ញុំគិតពីស្ថានភាពដែល Real Madrid កំពុងតែមានឥឡូវនេះ ខ្ញុំគិតថាខ្ញុំគឺជាមនុស្សចុងក្រោយដែលយកសាំងទៅចាក់លើភ្លើង”។
ក្នុងសន្និសីទកាសែតមុនការប្រកួតពាន FA Cup ជាមួយក្រុម Yeovil Town លោកបានបន្តថា៖” Madrid កំពុងតែឆេះ លទ្ធផលមិនសូវល្អ ហើយវាក៏ជាក្លឹបដែលខ្ញុំធ្លាប់ធ្វើការបីឆ្នាំផងដែរ។ ខ្ញុំគិតពីក្លឹប ខ្ញុំគឺជាមនុស្សចុងក្រោយដែលបន្ថែមភ្លើង”។
“ ដើម្បីយកទឹកទៅពន្លត់ភ្លើង ខ្ញុំគួរតែនិយាយបែបនេះ Cristiano គឺជាកីឡាករម្នាក់ដែលគ្រប់ក្លឹបចង់បាន ហើយគ្រប់គ្រូបង្វឹកក៏ចង់បានដែរ ប៉ុន្តែមានតែ Real Madrid មួយប៉ុណ្ណោះដែលមានគាត់ នោះគឺ Zidane និង Real MAdrid”៕