ក្រុម​កាំភ្លើង​ធំ ​Arsenal នឹង​មាន​សង្ឃឹម​រក្សា​ទុក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Mesut Ozil ឲ្យ​នៅ​​បន្ត​ទៀត​ក្រោយ​ពេល​សាមី​ខ្លួន ​បាន​និយាយ​ថា​រូប​គេ​ចង់​បន្ត​នៅ​លេង​ក្នុង​ក្លឹប​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុងដុង​ក្នុង​រដូវ​កាល​២០១៧/២០១៨។

ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​គឺ​ជា​កីឡាករ​ក្នុង​ចំណោម​២​រូប​ខណៈ​ម្នាក់​ទៀត​គឺ Alexis Sanchez ដែល​កុង​ត្រា​របស់​ពួក​គេ​នឹង​ផុត​កំណត់​នៅ​រដូវ​កាល​ក្រោយ​។ កីឡាករ​ជួយ​អាល្លឺម៉ង់​ឈ្នះ​World Cup 2014 នឹង​ពិភាក្សា​បន្ត​កុង​ត្រា​បន្ថែម​ជាមួយ ​Arsenal ប៉ុន្តែ​ខាង​ក្លឹប​មិន​ទាន់​ឆ្លើយ​តប​អ្វី​នៅ​ឡើយ។

ព័ត៌មាន​ចចាមអារ៉ាម​ ជា​ច្រើន​បាន​និយាយ​ថា​ Ozil និង​អតីត​ខ្សែ​ប្រយុទ្ធ ​Barcelona មាន​បំណង​ចាក​ចេញ​ពី​កីឡដ្ឋាន ​Emirate Stadium​ដោយ​សារ​ក្លឹប​មិន​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ហើយ​ឈរ​លេខ​លេខ​៥​ក្នុង​តារា ​Premier League រដូវ​កាល​មុន​មាន​ត្រឹម​កៅអី​លេង​ពាន​ Europa League ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​ក្រោយ​​នេះ​។

ស្ដេច​បញ្ជូន​បាល់​រូប​ក៏​មាន​ព័ត៌មាន​ថា​រូប​គេ​នឹង​សម្រាក​​មិន​ឲ្យ​ចូល​លេង​មិត្តភាព​មុន​បើក​រដូវ​កាល​នៅ​ទី​ក្រុង​ស៊ីដនី​ផង​ដែរ។​ប៉ុន្តែ​តាម​ប្រភព​ Express បាន​ឲ្យ​ដឹង​ថា​កីឡាករ​វ័យ​២៨​ឆ្នាំ​ចង់​បន្ត​នៅ​ជាមួយ ​Arsenal ។
“ វា​គឺ​ជា​ការ​ស្រឡាញ់​ហើយ​ចង់​ស្នាក់​នៅ​បន្ត​។ នេះ​ជា​ក្លឹប​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​តែង​តែ​និយាយ​ថា​ ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ ​Arsenal។”

Ozil និយាយ​អំឡុង​បទសម្ភាសន៍​ក្នុង​អំឡុង​ហ្វឹក​ហាត់​ត្រៀម ​Pre- Season ថា​៖” ពេល​ដែល​យើង​ត្រឡប់​មក​ទី​ក្រុង​ឡុង​ដុង​វិញ​ ពួក​យើង​នឹង​ពិភាក្សា​អំពី​អនាគត​។ អ្វី​ដែល​យើង​ផ្ដោត​ឥឡូវ​គឺ​លេង​ក្នុង​ការ​ប្រកួត ​Pre-Season ដើម្បី​ភាព​រឹងមាំ​និង​រក្សា​ទម្រង់​លេង​ហើយ​ពេល​មក​ដល់​ទី​ក្រុង​ឡុងដុង​វិញ​ យើង​ពិភាក្សា”៕