Real Madrid បានតែងតាំងគ្រូ​បង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Julen Lopetegui ជាអ្នកចាត់ការថ្មីលើកិច្ចសន្យា៣ឆ្នាំ ដោយការងាររបស់បុរសវ័យ៥១ឆ្នាំនឹងចាប់ផ្ដើមក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2018។

ការតែងតាំងនេះធ្វើឡើងដើម្បីជំនួសលោក Zinedine Zidane ដែលបាននាំក្រុមអធិរាជឈ្នះជើងឯក Champions League ៣ដង និង បានចេញពីតំណែងកាលចុងខែឧសភា។

គួររំលឹកថា គ្រូ​បង្វឹក Julen Lopetegui ​ទើបតែបន្ត​​កុងត្រា​ថ្មី​ជាមួយក្រុមជម្រើសជាតិរហូត​ដល់​ឆ្នាំ ២០២០ តែប៉ុណ្ណោះ។ តាំង​ពី​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​កាល​ពី​ឆ្នាំ ២០១៦ មក លោក Lopetegui បាន​បង្ហាញ​ទម្រង់​នៃ​ការ​ដឹកនាំ​បាន​ល្អ។ ក្នុង​ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​លោក​សរុប​ចំនួន ១៨ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់​ឡើយ។