ទោះបីជាទទួលបានការចាប់អារម្មណ៍ពីលោក Florentino Perez និង Real Madrid, Manchester United កំពុងមានទំនុកចិត្តថា David De Gea នឹងបន្តកុងត្រាថ្មីស្នាក់នៅជាមួយក្លឹបបន្តទៀត។
បើតាមប្រភព Independent, បិសាចក្រហមមានគម្រោងនិយាយដាក់សំណើបន្តកុងត្រាថ្មីជាមួយអ្នកចាំទីជម្រើសជាតិអេស្ប៉ាញរូបនេះ ហើយបញ្ឈប់ការចង់បានពីសំណាក់ក្រុមម្ចាស់ជើងឯកអឺរ៉ុបយករូបគេចេញពី Old Trafford។
កីឡាករវ័យ២៦ឆ្នាំនៅសល់កុងត្រាជាមួយបិសាចក្រហមដល់ឆ្នាំ២០១៩ដែលស្ថានភាពនេះធ្វើឲ្យ Real Madrid ងាយស្រួលចុះកុងត្រាយកគាត់នៅរដូវកាលក្រោយពេលកុងត្រានៅសល់ត្រឹមតែមួយឆ្នាំ។ និយាយមែនទែនទៅ!អ្នកចាំទីដៃដូចតុកកែរូបនេះត្រូវបានReal Madrid ចាប់អារម្មណ៍៣ទៅ៤រដូវកាលមកហើយប៉ុន្តែពួកគេមិនបានសម្រេចពិសេសកាលពីឆ្នាំ ២០១៥។
ពេលនេះManchester United គ្មានគោលបំណងណាមួយលក់អ្នកចាំទីរូបនេះទេ ខណៈកីឡាករក៏កំពុងរីករាយជាមួយនឹងអាជីពនៅManchester United ដែរនោះ។ កត្តានេះធ្វើឲ្យក្លឹបមានឥទ្ធិពលអាចឲ្យ De Gea កាន់ប៊ិចស៊ីញេកុងត្រាបន្តបាន៕