តារា​បាល់​ទាត់​ជួរ​មុខ​របស់​​ Liverpool កីឡាករ​​ Mohamed Salah គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ឥឡូវ​នេះ​។ នេះ​គឺ​ជា​សម្ដី​របស់​វីរបុរស​ក្រុម​ហង្ស​ក្រហម​​ Steven Gerrard។

Salah មាន​បង្ហាញ​ថ្វីជើង​កាន់​តែ​ល្អ​ទៅៗ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ដោយ​ជួយ​Liverpool ឈ្នះ​Roma ៥​ទល់​២​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​Champions League វគ្គ​៤​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេហ្ស៊ីប​រក​បាន​២​គ្រាប់​ក្នុង​វគ្គ​ទី​១​មុន​ពេល​បញ្ជូន​បាល់​ឲ្យ​Sadio Mane និង​Roberto Firmino បាន​មួយ​គ្រាប់​ម្នាក់​នៅ​វគ្គ​ទី​២​មុន​ត្រូវ​ប្ដូរ​ចេញ។

ក្នុង​ស្ថានភាព​នេះ​អតីត​ខ្សែ​បម្រើ​Liverpool លោក Gerrard បាន​ជឿ​ថា​Salah ដែល​រក​បាន​៤៣​គ្រាប់​ក្នុង​រដូវ​កាល​នេះ​ កំពុង​តែ​ល្អ​ជាង​ Lionel Messi និង​Cristiano Ronaldo។

​គាត់​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​បំផុត​នៃ​អាជីព​បាល់​ទាត់​របស់​គាត់​ហើយ។ វា​ពិត​ពិបាក​នឹង​ប្រៀបធៀប​គាត់​ទៅ​នឹង​ Ronaldo​និង​Messi របស់​អ្នក​ពី​ព្រោះ​ពួក​គេ​បាន​ធ្វើ​រឿង​ល្អ​ៗ​នេះ​យូរ​មក​ហើយ​  ហើយ​ពួក​គេ​ក៏​កំពុង​តែ​ប្រជែង​ពាន​ម្ដង​ម្នាក់​ៗ​ផង​ដែរ។​ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​នឹង​និយាយ​ថា​នរណា​ជា​កីឡាករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ក្នុង​ពេល​នេះ​។​ នោះ​អ្នក​ដឹង​ថា​ខ្ញុំ​និយាយ​ពី​នរណា​ហើយ”។

ទោះ​បី​ជា​របូត​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ចុង​ម៉ោង​​ធ្វើ​ឲ្យ ​Roma មាន​សង្ឃឹម​យក​ឈ្នះ​វិញ​  Liverpool សង្ឃឹម​ថា​អាច​រក្សា​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕