ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមចាយលុយ៤៤លានផោនដើម្បីទិញផ្តាច់កុងត្រាយកខ្សែការពារស្លាបស្តាំ Elseid Hysaj របស់ Napoli មកកាន់ទឹកដី​ Old Trafford នារដូវកាលក្រោយ។

ប្រភពដដែលខាងលើបានបន្ថែមទៀតថា អ្នកចាត់ការ Jose Mourinho កំពុងតែត្រូវការខ្សែការពារស្លាបស្តាំជាបន្ទាន់ដើម្បីយកមកជំនួសតំណែងរបស់ Antonio Valencia ដែលមានវ័យ៣៣ឆ្នាំទៅហើយ ស្របពេលដែល Mateo Darmain អាចនឹងផ្ទេរទៅកាន់ទឹកដីអ៊ីតាលីវិញ។

គួររំលឹកថា ក្រោយចូលកាន់តំណែងបន្តពីអ្នកចាត់ការ Louis Van Gaal កាលពីឆ្នាំ២០១៦ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់តែងតែជ្រើសរើស Valencia ជាជម្រើសដំបូងរបស់ខ្លួនជានិច្ចគ្រប់កម្មវិធីប្រកួត។

ទោះជាយ៉ាងណាក៏ដោយ បុរសរហស្សនាម The Special One ត្រូវតែរកកីឡាករមួយរូបមកជំនួសកន្លែងស្លាបស្តាំនេះជាបណ្តើរសម្រាប់ថ្ងៃអនាគត ព្រោះ Valencia នឹងឈានចូលមកដល់វ័យ៣៣ឆ្នាំក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ខ្សែការពារស្លាបស្តាំ Elseid Hysaj បានបង្ហាញទម្រង់លេងយ៉ាងល្អនារដូវកាលនេះ ដោយជួយឲ្យ Napoli ឈរនៅចំណាត់ថ្នាក់លេខ២នៃក្របខ័ណ្ឌ Italia Serie A។