គ្រូបង្វឹកក្រុមជម្រើសជាតិអូស្រ្តាលី Bert van Marwijk បានបង្ហាញបញ្ជីឈ្មោះបឋមចំនួន២៦នាក់ រួមទាំងខ្សែប្រយុទ្ធជើងចាស់ Tim Cahill ផងដែរ ដើម្បីត្រៀមទៅ World Cup នៅរុស្ស៊ី។

បើជាប់ក្នុងបញ្ជីចុងក្រោយ អតីតសមាជិក Everton ដែលពូកែប្រើក្បាលតែតបញ្ចូលទីនោះ នឹងបានលេង World Cup ជុំផ្ដាច់ព្រ័ត្រ៤ដងក្នុងអាជីពនៅក្នុងវ័យ៣៨ឆ្នាំ។

Bert van Marwijk គ្រោងចម្រាញ់យកកីឡាករ២៣នាក់ចុងក្រោយមុនថ្ងៃទី៤ខែមិថុនា បន្ទាប់ពីប្រកួតមិត្តភាពជាមួយទួរគី។ អូស្រ្តាលី ស្ថិតក្នុងពូល C ជាមួយ បារាំង, ដាណាម៉ាក និង ប៉េរូ។