ខណៈ​ពេល​ដែល​ Philippe Continho នៅ​តែ​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ជាមួយ ​Barcelona ស្រប​ពេល ​Liverpool បដិសេធ​ជា​ច្រើន​ដង​​គ្រូ​បង្វឹក​ហង្ស​ក្រហម​លោក​ Jurgen Klopp បាន​និយាយ​ថា​ក្លឹប​ La liga មួយ​នេះ ​កំពុង​ចំណាយ​ពេល​ឥតប្រយោជន៍។

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​ប្រាប់​ទៅ ​Barcelona ថា​ឲ្យ​រក្សា​កម្លាំង​ទុក​ធ្វើ​រឿង​អ្វី​ផ្សេង​វិញ​ទៅ​ ខណៈ​ពេល​ដែល​ក្លឹប​មួយ​នេះ​ នៅ​តែ​ចង់​បាន​ Super Star របស់ ​Liverpool។ Coutinho ទើប​តែ​ជួយ ​Liverpool ឈ្នះ ​Bayern Munich ៣​ទល់​០​លើក​ពាន​ Audi Cup កាល​ពី​យប់​មិញ ​ហើយ​កីឡាករ​វ័យ​២៥​ឆ្នាំ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​នៅ​តែ​ជា​គោលដៅ​របស់ ​Barcaខណៈ​ក្លឹប​យក្ស​ La liga ចង់​បាន​រូប​គេ​ទៅ​ជំនួស​ Neymar ដែល​ខិត​ជិត​នឹង​ទៅ​លេង​នៅ​ Paris Saint-Germain។

ចំណែក ​Klopp ក៏​ធ្លាប់​បាន​និយាយ​ហើយ​ថា​ Coutinho មិន​មែន​ជា​កីឡាករ​សម្រាប់​លក់​នោះ​ទេ​ ទោះ​បី​ជា​ឲ្យ​តម្លៃ​​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ ​​ហើយ​ចុង​ក្រោយ​នេះ​លោក​ថា ​Barca មិន​គួរ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទៀត​ទៅ។

“ ខ្ញុំ​ដឹង​ថា​ Coutinho មាន​កម្រិត​សមត្ថភាព​ឡើង​ខ្ពស់​ខ្លាំង​ ប៉ុន្តែ​ពួក​គេ ​(Barcelona)​គួរតែ​រក្សា​កម្លាំង​ទុក​វិញ​ប្រសើរ​ជាង​”។

” គាត់​(Coutinho) ដាក់​លេង​ពី​ដំបូង​នៅ​កណ្ដាល​ ហើយ​បន្ទាប់​មក​គាត់​ឡើង​ទៅ​កាន់​ប្រយុទ្ធ​ស្លាប​ឆ្វេង​ ពីព្រោះ​គាត់​ល្អ​ពេល​ធ្វើ​បែប​នេះ​ ហើយ​បន្ទាប់​មក​យើង​បាន​គិត​ថា​គាត់​អាច​លេង​បាន​ល្អ​តាម​របៀប​​នេះ​។ ត្រឹម​៤៥​ទៅ​៦០​នាទី​គាត់​លេង​បាន​យ៉ាង​ល្អ​ហើយ​គាត់​អាច​លេង​បាន​២​ដំណែង​នេះ​”៕