ក្រុមជម្រើសជាតិកូឡុំប៊ីបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយពីចាញ់ក្រោមថ្វីជើងក្រុមតោកំណាចអង់គ្លេសនៅវគ្គ១៦ក្រុមចុងក្រោយ ដោយសារការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ។
ក្នុងការប្រកួត៩០នាទី Harry Kane ជាអ្នកទាត់បញ្ចូលទីនាំមុខឲ្យក្រុមតោកំណាច មុន Yerri Mina តាមស្មើនៅចុងម៉ោងនៃវគ្គទី២ ហើយលទ្ធផលនេះក៏បន្តរហូតដល់ចប់ម៉ោងបន្ថែម។
ទោះជាយ៉ាងណាក្តី Yerry Mina ក៏បានបង្កើតកំណត់ត្រាមួយផងដែរ ដោយក្លាយទៅជាខ្សែការពារដំបូងគេបង្អស់ក្នុងរយៈពេល៥២ឆ្នាំ ដែលតែតបញ្ចូលទីបាន៣គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup។
បន្ថែមពីលើនេះ ខ្សែការពារវ័យ២៣ឆ្នាំក៏បានក្លាយទៅជាកីឡាករទីពីរបស់ក្រុមជម្រើសជាតិកូឡុំប៊ីដែលអាចរកគ្រាប់បាល់បញ្ចូលទីគូប្រកួតបានបីប្រកួតជាប់ៗគ្នា ដោយខ្សែបម្រើ James Rodriguez គឺជាកីឡាករដំបូងគេបង្អស់ដែលបង្កើតប្រវត្តិសាស្ត្រនេះឡើងនៅព្រឹត្តិការណ៍ FIFA World Cup 2014៕