គ្រូបង្វឹក Manchester United លោក Jose Mourinho បានកំណត់អត្តសញ្ញាណតារាលេងតំបន់បម្រើរបស់ Real Madrid កីឡាករ Toni Kroos ហើយរូបគេជាគោលដៅចម្បងដើម្បីជំនួស Michael Carrick។
ខ្សែបម្រើវ័យ៣៦ឆ្នាំ នឹងចូលនិវត្តន៍នៅរដូវកាលនេះហើយ ដើម្បីទៅចូលរួមជាគ្រូជំនួយ បន្ទាប់ពីចំណាយពេលជិត១២ឆ្នាំនៅ Old Trafford។ Kroos វ័យ២៨ឆ្នាំស្ទើរតែទៅចូលរួមជាមួយបិសាចក្រហមទៅហើយកាលពីឆ្នាំ ២០១៤ជំនាន់លោក David Moyes ប៉ុន្តែមិនបានសម្រេចហើយក្រោយមកលោក Luis van Gaal ក៏មកជំនួស។
តាមប្រភព Independent, Real Madrid កំពុងមានគម្រោងដោះដូរកីឡាករល្បីៗរបស់ខ្លួន ត្រៀមប្រជែងពាននៅរដូវកាលថ្មីហើយកីឡាករមួយចំនួន នឹងចាកចេញស្របពេល Man Utd ត្រៀមខ្លួនរួចហើយដើម្បីសាងកីឡាករពី Real។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ក៏បើកផ្លូវមកលេងនៅ Premier League ដែរហើយការមកដល់របស់ Kroos លោក Jose Mourinho អាចរកឃើញថារូបគេអាចចាប់ដៃគូជាមួយ Pogbaនិង Matic ក្នុងតំបន់បម្រើ។
កាលពីដើមខែនេះលោក Jose ក៏ធ្លាប់បាននិយាយថា ចង់បានខ្សែបម្រើម្នាក់មកជំនួសកន្លែងរបស់Carrick នៅរដូវកាលក្រោយផងដែរ។
“យើងត្រូវការចុះកិច្ចសន្យាខ្សែបម្រើម្នាក់។ពីព្រោះយើងនឹងបាត់បង់ Carrick! ពិតណាស់យើងចង់រក្សាតុល្យភាពក្រុម។ អ្នកកាសែតខ្លះសរសេរថាយើងចង់បានខ្សែប្រយុទ្ធ ខ្លះក៏ប្រយុទ្ធស្លាបទៅ ខ្លះទៀតក៏ស្លាបឆ្វេង ហើយមួយចំនួនទៀតក៏និយាយថាប្រយុទ្ធស្លាបស្ដាំទៅ”
“អ្នកអាចនិយាយពីខ្ញុំបានច្រើនយ៉ាង ប៉ុន្តែអ្នកមិនអាចនិយាយថាខ្ញុំកុហកអ្នកបានទេ ខ្ញុំមិនចង់និយាយអីទេ តែអ្វីដែលយើងចង់និយាយគឺខ្ញុំចង់ទិញខ្សែបម្រើម្នាក់”៕