លោក Jose Mourinho បានជឿថា Paul Pogba នឹងអវត្តមានពីទីលានរយៈពេល២សប្ដាហ៍ បន្ទាប់ពីរបួសសរសៃពួរអំឡុងការប្រកួតដែលManchester United បានឈ្នះBasel ៣-០ កាលពីយប់មិញក្នុង Champions League។
កីឡាករជម្រើសជាតិបារាំងលេងបានត្រឹម១៩នាទីប៉ុណ្ណោះ នៅកីឡដ្ឋាន Old Trafford បន្ទាប់ពីគ្រិចសរសៃពួរក្រោយដណ្ដើមបាល់ពី Mohamed Elyounoussi។ ហើយក្រោយចប់ការប្រកួតលោក Jose បានបញ្ជាក់ថាខ្សែបម្រើរូបនេះ នឹងខកខានលេងក្នុង Premier League នៃជំនួបជាមួយ Everton នៅថ្ងៃអាទិត្យ។
“ខ្ញុំអត់ច្បាស់ដែរ ខ្ញុំបាននិយាយទៅកាន់គ្រូពេទ្យគាត់ថាប្រហែល២អាទិត្យ។ ពួកយើងអត់យំទេ ហើយយើងមិនមាន Paul សម្រាប់លេងនៅថ្ងៃអាទិត្យជាមួយ Everton តែយើងមាន Ander, យើងមាន Fellaini, យើងមាន Carrick និងយើងមានMatic” លោក Jose និយាយក្នុងទូរទស្សន៍ MUTV។
លោកបន្តថា៖” ខ្ញុំទើបដឹងពីបទបិសោធន៍របួសសាច់ដុំ។ ក្នុងបទពិសោធន៍របស់ខ្ញុំ របួសសាច់ដុំធ្វើឲ្យអ្នកឈប់លេងបាល់២ទៅ៣សប្ដាហ៍”៕