គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ចង់ឲ្យ Zlatan Ibrahimovic ថែទាំនិងព្យាបាលរបួសជង្គង់ដ៏ធ្ងន់ធ្ងររបស់ខ្លួនឲ្យសះស្បើយ១០០%សិនទៅមុនពេលចង់មកជួយក្រុម ខណៈអតីតកីឡាករជម្រើសជាតិស៊ុយអែតបានបន្តកុងត្រាជាមួយ Manchester United មួយឆ្នាំទៀត។
Ibrahimovic បានរបួសសន្លាក់ជង្គង់យ៉ាងធ្ងន់ អំឡុងប្រកួតពាន Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Anderlecht កាលពីរដូវកាលមុន ហើយទម្រាំជាឡើយវិញ កុងត្រារបស់គេផុតកណត់មុនជាពីរបួសទៅទៀត។ ប៉ុន្តែ Red Devil បានប្រកាសថាពួកគេផ្ដល់ឱកាសឲ្យ Zlatan លេងជាមួយក្លឹបមួយឆ្នាំទៀត។
Which knee? @azsportswear #azbyzlatan pic.twitter.com/xp3Aqmgdkv
— Zlatan Ibrahimović (@Ibra_official) August 20, 2017
មួយរយៈកាលមុន តាមរយៈការផុសក្នុងបណ្ដាញសង្គមរបស់អតីតកីឡាករ Barcelona, Juventus និង Paris Saint-Germain ហាក់ដូចជាជាពីរបួសនេះទាំងស្រុងទៅហើយ ហើយរូបគេក៏បានអះអាងថាអាចត្រឡប់មកលេងវិញបានផងដែរដោយមិនចាំបាច់រងចាំដល់ឆ្នាំក្រោយ។
បែបណាក្ដី! Mourinnho ឲ្យរូបទ្រាំសិនទៅ រក្សាភាពមាំមួនឲ្យបានពេញលេញ ហើយហ្វឹកហាត់ត្រៀមធ្វើជាខ្សែប្រយុទ្ធខ្លាំងម្ដងទៀត។ “ ខ្ញុំគិតហើយថាពួកយើងត្រូវការគាត់ ហើយយើងកំពុងរងចាំគាត់មកវិញ។ តែគាត់ត្រូវតែទ្រាំសិន។ គាត់មិនទាន់មាន ភាពមាំមួនគ្រប់គ្រាន់ ហើយគាត់ក៏មិនត្រូវធ្វើរឿងឆ្កួតៗដើម្បីតម្រូវការចង់បានរបស់ខ្លួនឯងដែរ។”
“ដោយសារតែខ្ញុំដឹងថា គាត់ចង់លេងឡើងវិញឆាប់ៗ ដូច្នេះគាត់ត្រូវតែធ្វើមួយជំហ៊ានគិតមួយជំហ៊ាន។ ពួកយើងត្រូវការគាត់ តែយើងចង់ឲ្យគាត់មានលក្ខខណ្ឌល្អបំផុតសិន”៕