Jordi Alba ខ្សែការពារក្រុម FC Barcelona បានលើកឡើងថា ខ្លួនចង់ឲ្យក្រុមហង្សក្រហម Liverpool លើកពាន UEFA Champions League នៅថ្ងៃសៅរ៍នេះ និងចង់ឃើញក្រុមស្តេចស Real Madrid ត្រឡប់មកប្រទេសអេស្ប៉ាញវិញ ដោយភាពបរាជ័យបានត្រឹមបាតដៃទទេ។

Alba នឹងចំណាយពេល២ខែ នាពេលខាងមុខ ជាមួយនឹងកីឡាករក្រុម Real Madrid មួយចំនួនទៀត ខណៈដែលក្រុមជម្រើសជាតិអេស្ប៉ាញ គ្រោងចាប់ផ្តើមយុទ្ធនាការចង់ឈ្នះពាន World Cup 2018 នៅប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណា កីឡាកររូបនេះ ហាក់មិនគាំទ្រឲ្យក្រុមអេស្ប៉ាញ Real Madrid ឲ្យឈ្នះពាន UEFA Champions League រដូវកាលនេះឡើយ។

ខ្សែការពារឆ្វេង ដែលជួយឲ្យ Barcelona លើកពាន La Liga និង Copa del Rey រដូវកាលនេះ បានប្រាប់ដល់ Deportivo ថា៖ “ទំនាក់ទំនងរបស់ខ្ញុំជាមួយកីឡាករ Real Madrid គឺល្អណាស់។ នៅពេលខ្ញុំនៅជម្រើសជាតិអេស្ប៉ាញ ខ្ញុំចំណាយពេលជាច្រើននៅជាមួយពួកគេ។ ប៉ុន្តែសម្រាប់ប្រកួតថ្ងៃសៅរ៍នេះ ខ្ញុំចង់ឲ្យ Liverpool ឈ្នះ ហើយ Real Madrid ចាញ់។ ការពិត គឺខ្ញុំចង់ឲ្យ Real Madrid ចាញ់គ្រប់ប្រកួត”៕

គួរបញ្ជាក់ថា ការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។