គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញលោក Julen Lopetegui កំពុងមានការព្រួយបារម្ភពី Isco និង Marco Asensio ដែលមិនសូវបានលេងគ្រប់គ្រាន់សម្រាប់ Real Madrid ខណៈពេលនេះលោកបាននឹងកំពុងរៀបចំក្រុមជម្រើសជាតិត្រៀម World Cup 2018។
Isco បានចូលលេងជម្រើសដំបូងក្នុងរដូវកាលនេះចំនួន១៤ប្រកួតឲ្យក្រុមរបស់លោក Zidaneប៉ុន្តែរូបគេត្រូវអវត្ដមានក្នុងការប្រកួតដែល Real Madrid ឈ្នះ Valencia ៤ទល់១ដោយសាររបួសត្រកៀក។ ជ័យជម្នះនៅ Mestalla គឺជាការប្រកួតដំបូងក្នុងរដូវកាលនេះ ហើយដែល Benzema, Bale និង Ronaldo លេងជាមួយគ្នាក្នុងឈុត១១នាក់ ហើយការត្រឡប់មកវិញនៃប្រព័ន្ធប្រយុទ្ធ BBC បានធ្វើឲ្យឱកាសបង្ហាញខ្លួនរបស់ Isco មានកំណត់នៅវគ្គទី២នៃរដូវកាលនេះ។
ចំណែក Asensio ប្រហែលត្រូវរក្សាទុកក្នុងកៅអីបម្រុង ដោយឡែកទោះបីជារូបគេរកបាន៤គ្រាប់ក្នុង La liga លើសBenzema ហើយចូលលេងតិចជាងក៏ដោយ។ ខណៈពេលដែលពេលវេលានៃការចូលលេងរបស់ Isco និង Asensio គឺជាចំណុចមួយ ត្រូវពិចារណាសម្រាប់លោក Lopetegui ជាមួយនឹងការរៀបចំសម្រាប់ World Cup ទម្រង់លេងរបស់ Diego Costa នៅក្លឹប At. Madrid កំពុងឡើងជើង ហើយកីឡាករដើមកំណើតប្រេស៊ីលរកបាន៣គ្រាប់ក្នុងចំណោម៥ប្រកួតចាប់តាំងពីរចាកចេញពី Chelsea។
“ខ្ញុំជឿជាក់ថាពួកគេនឹងលេងម្ដងទៀត ប៉ុន្តែខ្ញុំបារម្ភថា Marco និង Isco បានលេងតិចពេក” Lopetegui និយាយទៅកាន់អ្នកសារព័ត៌មានក្នុងកម្មវិធី Spanish Sport Press Award។
“ Diego Costa មិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះទេ ហើយគាត់អាចមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ខ្ញុំ”៕