ខ្សែ​បម្រើ​ Manchester United កីឡាករ Marouane Fellaini នឹង​មិន​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​​នោះ​ទេ ហើយ​រូប​គេ​រៀប​ចំ​ចាក​ចេញ​ពី ​Old Trafford ​ក្នុង​ខែ​មករា​នេះ​ហើយ។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បែលហ្សិក​នឹង​ផុត​កុង​ត្រា​នៅ​រដូវ​កាល​នេះ​ហើយ​​ ប៉ុន្តែ​គាត់​មិន​ចាប់​អារម្មណ៍​នឹង​ការ​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​នោះ​ទេ។ គេ​បាន​ដឹង​ថា​លោក Jose Mourinho ចង់​រក្សា​គាត់​នៅ​ Old Trafford ប៉ុន្តែ​ហាក់​មិន​បាន​ទាក់​ចិត្ត​ឲ្យ​អតីត​កីឡាករ​របស់ ​Everton រូប​នេះ​នៅ​បន្ត​នោះ​ឡើយ។

តាម​ប្រភព៖ Express, បាន​រាយការណ៍​ថា​ Fellani គ្មាន​គោល​បំណង​បន្ត​លេង​នៅ ​United ទៀត​ទេ​ ហើយ​រូប​គេ​ចាប់​ផ្ដើម​រក​ទ្រនំ​ថ្មី​សម្រាប់​ខ្លួន​គេ​ផ្ទាល់​រួច​ទៅ​ហើយ។ កីឡាករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​គិត​ថា ​ដោយ​សារ​តែ​មិន​បាន​លេង​ទៀង​ទាត់​ក្នុង​រដូវ​កាល​នេះ​ ខណៈ​ចូល​ពាក់​កណ្ដាល​រដូវ​កាល​ទៅ​ហើយ​រូប​គេ​ទើប​ចាប់​ផ្ដើម​បាន​៤​ប្រកួត​ប៉ុណ្ណោះ។

តាម​របាយការណ៍​ដដែល ​បាន​បន្ថែម​ថា ​គាត់​អាច​នឹង​រៀប​ចំ​ខ្លួន​ចេញ​នៅ​ខែ​មករា​ ដើម្បី​រក​កន្លែង​លេង​ទៀង​ទាត់​យក​កៅអី​ក្នុង​ជម្រើស​ជាតិ​សម្រាប់​លេង​ World Cup ​វា​ស្រប​ពេល​ដែល​មាន​ក្លឹប​នៅ​ចិន​បាន​ដាក់​សំណើ​មក​បណ្ដើរ​ៗ​ផង​នោះ។

ខណៈ​ពេល​ដែល​ Fellaini នឹង​ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ដដែល​នោះ ​Man Utd នឹង​បិទ​ការ​ផ្ទេរ​ចេញ​ហើយ​រក្សា​គាត់​ដល់​ចប់​រដូវ​កាល​តែ​ម្ដង​៕