រឿង​ល្ខោន​ដោះដូរ​កីឡាករ​ទាក់ទង​នឹង​ Neymar​ មាន​ឈុត​ឆាក​ថ្មី​ទៀត​ហើយ​ក្រោយ​ពេល​ខ្សែ​បម្រើ​ Real Madrid កីឡាករ Casemiro ស្វាគមន៍​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​មក​លេង​នៅ​ Real Madrid។

ខ្សែ​បម្រើ​ជំនាញ​ចុះ​ជួយ​ការពារ​រូប​នេះ​​បាន​ជឿ​ជាក់​ថា​រូប​គេ​រក​មិន​ឃើញ​ចំណុច​ណា​មួយ​ដែល ​​​Neymar មិន​អាច​លេង​នៅ​ Real Madrid មិន​បាននោះ​ទេ​ ហើយ​រូប​គេ​នឹង​ស្វាគមន៍ ​Super Star​ របស់​ Barcelona រូប​នេះ​យ៉ាង​ពេញ​ចិត្ត។

“ ហេតុអ្វី​គាត់​មិន​អាច​លេង​នៅ​ទី​នេះ​ជាមួយ​ Real Madrid? គាត់​គួរ​តែ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ពួក​យើង​ទាំង​អស់​គ្នា​” Casemiro និយាយ​ក្នុង​គេហទំព័រ​ Globoeaport កាល​ពី​ថ្ងៃ​ច័ន្ទ។

“ Neymar កឺ​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នូវ​អ្វី​ដែល​គាត់​មាន​។ គាត់​ទទួល​បាន​ការ​ផ្ដល់​ដំបូន្មាន​ពី​ឪពុក​របស់​គាត់​យ៉ាង​ល្អ​ពី​ព្រោះ​ឪពុក​គាត់​ជា​មនុស្ស​ល្អ​ម្នាក់​​ហើយ​ដឹង​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ធ្លាប់​ធ្វើ។​មិន​ថា​គាត់​នៅ​បន្ត​ ឬ​ចាក​ចេញ​​ខ្ញុំ​ជូន​ពរ​គាត់​ឲ្យ​មាន​សំណាង​ល្អ​ក្នុង​ពិភពលោក”។

Real Madrid កំពុង​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​មមាញឹក​ក្នុង​ការ​រៀប​ចំ​ក្រុម​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ​និង​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី​៕