Eric Cantona បានបញ្ជាក់ថាមិនមែនមានតែគាត់ម្នាក់ទេដែលចង់ឲ្យ Karim Benzema ចូលលេងក្នុងជម្រើសជាតិបារាំងម្ដងទៀត។អតីតកីឡាករ Man Utd និយាយដូច្នេះ ក្រោយពេលឱកាសរបស់ខ្សែប្រយុទ្ធ Real Madrid រូបនេះ ហៅចូលជម្រើសជាតិកាន់តែខើច។
Benzema មិនបានលេងឲ្យក្រុមមាន់គកបារាំង ចាប់តាំងពីខែតុលាឆ្នាំ២០១៥មកម្ល៉េះ ក្រោយលេចធ្លាយរឿងអាស្រូវ វីដេអូសិចដ៏រញ៉េរញ៉ៃ ហើយគាត់ក៏ត្រូវបានដកចេញពីជម្រើសជាតិកាលប្រកួត Euro 2016។ បែបណាក្ដី! ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet បាននិយាយថា Didier Deschamps អាចកោះហៅខ្សែប្រយុទ្ធរូបនេះ ត្រឡប់ទៅវិញនៅពេលមាន Fit គ្រប់គ្រាន់ ប៉ុន្តែគ្រូបង្វឹករូបនេះបានទម្លាយសម្ដី២ម៉ាត់កាលចុងសប្ដាហ៍មុននេះ ការត្រឡប់មកវិញរបស់Benzema គឺជារឿងគួរឲ្យធុញទ្រាន់។
អញ្ចឹងក៏ដោយសាមីខ្លួនកីឡាករក៏បង្ហាញក្ដីអស់សង្ឃឹមថា រូបគេនឹងមិនបានជាប់ជម្រើសជាតិទៀតនោះទេ បើលោក Deschamps នៅតែជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ បែបណាក្ដី! Catona ដែលធ្លាប់មានបញ្ហាជាមួយជម្រើសជាតិកាលនៅលេងបាល់ទាត់ដែរនោះ ចង់ឲ្យអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង(គ្រូបង្វឹក)ឲ្យកោះហៅ Benzemaចូលជម្រើសជាតិវិញ។
“ ដំបូងឡើយយើងចង់ឃើញកីឡាករល្អបំផុតលេង។ ខ្ញុំចង់ឃើញ Karim Benzema ក្នុងជម្រើសជាតិបារាំង។ តាមគំនិតរបស់ខ្ញុំ មិនមានតែខ្ញុំម្នាក់នោះទេ ដែលចង់ឲ្យគាត់ចូលលេងវិញគឺប្រជាជនបារាំងទាំងអស់ក៏មានគំនិតដូចខ្ញុំដែរ”៕