លោក Arsene Wenger បានបង្ហើបថាលោកនឹង​គិត​គូ​ពី​អនាគត​របស់​ខ្លួន​នៅ​ប៉ុន្មាន​សប្ដាហ៍​សប្ដាហ៍​ខាង​មុខ ក្រោយ​ចាកចេញ​ពីក្រុមកាំភ្លើងធំ Arsenal ។

អ្នក​ចាត់​ការ​វ័យ​៦៨​ឆ្នាំ​ត្រូវ​បាន​សារព័ត៌មានជាច្រើនបានចុះផ្សាយថា នឹង​អាច​ទៅ​ជំនួសតំណែងរបស់ Zinedine Zidane នៅ Real Madrid។ Wenger  ក៏​ត្រូវ​បាន​ទាក់ទង​ពី​​ក្លឹប​អ្នក​មាន​បារាំង​ Paris Saint-Germain ឲ្យ​ទៅ​ធ្វើ​នាយក​គ្រប់គ្រង​នៅ​ទី​នោះ​ផង​ដែរ។

និយាយ​ទៅ​កាន់​ទូរទស្សន៍​បារាំង Wenger៖ “ខ្ញុំ​ត្រូវ​តែ​ឆ្លើយ​សំនួរ​ពី​អនាគត​របស់​ខ្ញុំ​នៅ​១៥​ថ្ងៃ​ទៀត។ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​អ្នក​ចាត់ការ​ដដែល។ តើ​ខ្ញុំ​​សម​នឹង​នាំ​ខ្លួន​ឯង​ចូល​ទៅ​កាន់​ការងារ​ដែល​មាន​ការ​ប្រជែង​​ច្រើន​នេះ​ទៀត​ឬ​យ៉ាង​ណា? វា​គឺ​ជា​ការងារ​ដែល​ទាមទារ​​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​”។

គួររំលឹកថា លោក Arsene Wenger បានសម្រេចចាកចេញពី Arsenal ក្រោយដឹកនាំអស់រយៈពេល២២ឆ្នាំ ដោយជួយឲ្យក្លឹប​ឈ្នះ Premier League ៣ដង, FA Cup ៧ដង​ផងដែរ៕ ​​