សហព័ន្ធបាល់ទាត់អាល់ហ្សេរី (FAF) បានផ្ដល់ពេលវេលាឲ្យខ្សែប្រយុទ្ធស្លាប Riyad Mahrez សុំច្បាប់ពីជុំរុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីទៅបំពេញបែបបទមួយចំនួនធ្វើការផ្ទេរចេញពីក្លឹប Leicester City ។
Mahrezមានទំនាក់ទំនងប្ដូរទៅលេង Roma, Manchester United, Barcelona និង Arsenal ហើយកីឡាករល្អជាងគេក្នុង Premier League ប្រចាំឆ្នាំ២០១៥/១៦រូបនេះ ជិតចាកចេញពីក្រុមកញ្ជ្រោងព្រៃខៀវ Leicester City ហើយ។ ក្រុមជម្រើសជាតិអាល់ហ្សេរីកំពុងរៀបចំខ្លួនលេងជម្រុះ World Cup ជាមួយ ហ្សំប៊ី ហើយសហព័ន្ធបាល់ទាត់អាល់ហ្សេរី បានអនុញ្ញាតឲ្យកីឡាករវ័យ២៦ឆ្នាំ សុំច្បាប់ដើម្បីកំណត់អនាគតរបស់ខ្លួនក្នុងអាជីពបាល់ទាត់។
ខ្សែប្រយុទ្ធស្លាបរបស់ Leicester City រូបនេះ មានវត្តមានក្នុងការប្រកួតទាំងបីលើកនៅ Premier League ដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន២គ្រាប់ឲ្យក្លឹបក្នុងដើមរដូវកាលនេះ។ ចំណែកជម្រើសជាតិអាល់ហ្សេរីវិញ កំពុងស្ថិតក្នុងតំបន់បាតតារាងនៃពូល B វគ្គជម្រុះ World Cup តំបន់អាហ្វ្រិកមាន១ពិន្ទុក្នុង២ប្រកួតកន្លងមក ហើយពួកគេនឹងហោះហើរទៅទីក្រុង Lusaka ដោយគ្មាន Mahrez ក្នុងជំនួបជាមួយ Zambia នៅថ្ងៃសៅរ៍នេះឡើយ៕
ប្រភព៖ Besoccer