SportOptions ជា​ក្រុមហ៊ុន​ធ្វើ​ដំណើរ​មួយ​ដែល​រៀប​ចំ​ការ​ដឹក​ជញ្ជូន​ក្រុម​អ្នក​គាំទ្រ​ក្លឹប ​Arsenal រាល់​ការ​ប្រកួត​ក្រៅ​ដី​ទាំង​អស់​នោះ​បាន​ឆា​ចោល​គម្រោង ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ Milan ប្រទេស​អ៊ីតាលី​អំឡុង​ពេល​ក្រុម​កាំភ្លើង​ធំ​ត្រូវ​ជួប ​AC Milan ក្នុង​ពាន ​Europa League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​សារ​មិន​មាន​អ្នក​ទិញ​សំបុត្រ។

ក្រុមហ៊ុន​មួយ​នេះ​មាន​រត់​ការ​ធ្វើ​ដំណើរ​នៃ​ការ​ប្រកួត​ក្រៅ​ដី​របស់​ក្រុម​លោក​ Wenger ជាង​២០​ឆ្នាំ​ទៅ​ហើយ​ហើយ​ថ្មី​ៗ​នេះ​មាន​អ្នក​គាំទ្រ ​Arsenal ត្រឹម​តែ​១៥០​នាក់​ប៉ុណ្ណោះ​ដែល​ទិញ​សំបុត្រ​របស់​ក្រុម​ហ៊ុន​ធ្វើ​ដំណើរ​ទៅ​មើល ​Arsenal ប្រកួត​ជាមួយ​ Ostersunds។

អញ្ចឹង​ក៏​ដោយ​ក្រុម​ហ៊ុន​មិន​បាន​ទទួល​ការ​កក់​សំបុត្រ​ល្មម​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ទៅ ​Milan នោះ​ទេ​ខណៈ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ឡុងដុង​នឹង​ត្រូវ​ជួប​ AC Milan នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​ Europa League ស្រប​ពេល​ក្លឹប​ស្ថិត​ក្នុង​វិបត្តិ។ ក្រុម​របស់​លោក ​Arsene Wenger បាន​ចាញ់​៤​ប្រកួត​ជាប់​គ្នា​ហើយ​ការ​ប៉ះ​​អតីត​ក្រុម​ជោគជ័យ​បំផុត​ទី​២​នៅ​អឺរ៉ុប​គឺ​រឿង​ដ៏​ពិបាក​មួយ។

ប្រធាន​ក្រុម​ហ៊ុន​ SportOptions លោក Miles Saward បាន​បង្ហើប​ថា​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ក្រុម​កាល​ពី​ថ្មី​ៗ​នេះ​គឺជា​កត្តា​មិន​មាន​អ្នក​ធ្វើ​ដំណើរ​គ្រប់​គ្រាន់​ទេ​​ហើយ​លោក​បាន​សង្កត់​ធ្ងន់​ថា​​ការ​ប្រកួត​ញឹកញាប់​ពេក​របស់​ក្រុម​ Arsenal កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​ភ្ញៀវ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​៕