ក្ដី​សង្ឃឹម​បាន​ចូល​លេង​មិត្ត​ភាព​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​លើក​ដំបូង​ ក្រោយ​ខកខាន​តាំង​ពី ​Euro 2016 របស់​ខ្សែ​បម្រើ​ក្រុម​កាំភ្លើងធំ ​Arsenal កីឡាករ​ Jack Wilshare ត្រូវ​រលាយ​ដូច​ក្រមួនត្រូវ​ថ្ងៃ ​ក្រោយ​ប៉ះ​ទង្គិច​ត្រង់​ជង្គង់​ពេល​កំពុង​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម។

មូលហេតុ​នេះ​បាន​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ​ Arsenal មិន​បាន​ជិះ​យន្តហោះ​ទៅ​ទីក្រុង​អាំស្ទែដាំ ​ជាមួយ​ក្រុម​របស់​លោក​ Gareth Southgate ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​ហូឡង់​ក្នុង​លក្ខណៈ​មិត្ត​ភាព​មុន​ការ​ប្រកួត​World Cup 2018នៅ​ប្រទេស​រុស្សីនោះ​ឡើយ។

កីឡាករ​វ័យ​២៦​ឆ្នាំ​សង្ឃឹម​ថា ​នឹង​បាន​បង្ហាញ​ខ្លួន​លើក​ទី​៣៥​ឲ្យ​ជម្រើស​ជាតិ​តោ​បី​អង់គ្លេស ​ក្រោយ​ខក​ខាន​បាន​លេង​បន្ទាប់​ពី​អង់គ្លេស​ចាញ់​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​ក្នុង​ Euro 2016ហើយ​ក្ដី​សង្ឃឹម​គ្រប់​យ៉ាង​ត្រូវ​ចប់។ គេ​មិន​ដឹង​ថា​របួស​នេះ​នឹង​ជា​នៅ​ពេល​ណា​នោះ​ទេ ​ខណៈ​ World Cup នៅ​សល់​តែ​ជាង​៣​ខែ​ទៀត​ប៉ុណ្ណោះ​ ចំណែក​ឯ​ក្រុម​កាំភ្លើង​ធំ​ក៏​ស្ថិត​ក្នុង​តំបន់​យ៉ាប់​ផង​ដែរ៕