លោក Francisco Buyo អតីត​អ្នក​ចាំ​ទី​របស់​ Real Madrid ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ ​Los Balncos ស៊ីញេ​កុង​ត្រា​យក ​Alexis Sanchez ​ដែល​ជិត​ផុត​កំណត់​កុង​ត្រា​ជាមួយ​ Arsenal​ ទៅ​ហើយ​នោះ។

គេ​បាន​ដឹង​រួច​​ជា​ស្រេច​ទៅ​ហើយ​ថា​ កុង​ត្រា​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី​ នឹង​ផុត​កំណត់​ពេល​ចប់​រដូវ​កាល​នេះ​​ហើយ​ក៏​មាន​ក្លឹប​ជា​ច្រើន​ចង់​ចុះ​កុង​ត្រា​យក​រូប​គេ​ទៅ​លេង​ផង​ដែរ​ ទាំង​ក្នុង​ខែ​មករា​ខាង​មុខ ​ក៏​ដូច​ចប់​រដូវ​កាល​នេះ​ក្នុង​លក្ខខណ្ឌ​មិន​អស់​លុយ។

គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ ដែល​កីឡាករ​រូប​នេះ ​មាន​ទំនាក់​ទំនង​ជាមួយ​ Real Madrid ហើយ​លោក Buyo ជឿ​ថា​គាត់​នឹង​ក្លាយ​ជា​កីឡាករ​បន្ថែម​យ៉ាង​ល្អ​សម្រាប់​ក្រុម​របស់​លោក Zinedine Zidane។ អតីត​អ្នក​ចាំ​ទី​រូប​នេះ និយាយ​ក្នុង​កាសែត​ AS Chile ​ថា​៖” ខ្ញុំ​ជឿ​ចាក់​ថា​គាត់ ​(Alexis)ពិត​ជា​ត្រូវ​ជាមួយ ​Real Madrid គាត់​មាន​ថាមពល ពោរពេញ​ទៅ​ដោយ​ការ​រក​គ្រាប់​បាល់​​ និង​ការ​បំឡាស់​ទី​ក្នុង​ទីលាន​ ពិសេស​កន្លែង​ដែល​គាត់​លេង​”។

ទោះ​ពី​ជា​យ៉ាង​នេះ​ក្ដី​! ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ​របស់​ Arsenal រូប​នេះ​ដែរ​ ខណៈ​ក្លឹប ​Manchester City កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ទិញ​យក​ក្នុង​ខែ​មករា​ខាង​មុខ​នេះ៕