លោក Alessandro Del Piero អតីត​កីឡាករ​របស់​ក្រុម​សេះ​បង្កង់​ បាន​និយាយ​ថា​ប្រសិន​បើ​ Ronaldo ចង់​ចាក​ចេញ​ពី​ Real Madrid ​រូប​គេ​គួរ​តែ​ទៅ​លេង​នៅ​ក្រុម ​ Juventus ព្រោះ​ទី​នោះ​មាន​កន្លែង​ទំនេរ​ច្រើន។

Ronaldo ត្រូវ​បាន​គេ​រាយការណ៍​​ចង់​ចាក​ចេញ​ពី​ក្រុម​ជើងឯក​ European Championship បន្ទាប់​ពី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បញ្ហា​បន្លំ​មិន​បង់​ពន្ធ​មាន​ទឹក​ប្រាក់​ដល់​ទៅ​១៤.៧​លាន​ផោន។ អតីត​ក្លឹប​របស់​ Ronaldo គឺ ​Manchester United, ក្លឹប​បារាំង​ PSG មាន​ទំនាក់ទំនង​ចង់​បាន​ កំពូល ​Super Star រូប​នេះ។

ដោយ​ឡែក​អតីត​កីឡាករ​ក្រុម​សេះ​បង្កង់​ម្នាក់​ ធ្លាប់​ជួយ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន​ Serie A ៦​ដង​ និង​Champions League ម្ដង​ បាន​និយាយ​ថា​ ក្លឹប​យក្ស​ Serie A គួរ​តែ​សប្បាយ​ចិត្ត​ដែល​មាន​ Ronaldo ប្រសិន​បើ​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ចាក​ចេញ​ពី​ Real Madrid។

“ ប្រសិន​បើ ​Cristiano Ronaldo មិន​សប្បាយ​ចិត្ត​នៅ​ Real Madrid ហើយ​គាត់​ចង់​ចាក​ចេញ, ​ Juventus មាន​កន្លែង​ជា​ច្រើន​សម្រាប់​គាត់​។ បើ​គាត់​មក​មែន​នោះ  Juventus នឹង​អាច​ឈ្នះ​ពាន ​Champions League ម្ដង​ទៀត”។

តែ​យ៉ាង​ណា​!​ ម្ចាស់​ពាន​បាល់​មាស​  Ballon d’Or បួន​សម័យ​កាល​ម្នាក់​នេះ ​នៅ​សល់​កុង​ត្រា​ជាមួយ​ Real Madrid កាល​ឆ្នាំ​២០២១​ឯណោះ​៕

 

ប្រភព៖ Marca