អតីតខ្សែប្រយុទ្ធវ័យក្មេង Manchester United កីឡាករ Josh Harrop បាននិយាយដោយមានទំនុកចិត្តខ្ពស់ថាការចាកចេញពី Old Trafford គឺជាជម្រើសដ៏ត្រឹមត្រូវបន្ទាប់ចុះកុងត្រាជាមួយ Preston North End ។
កីឡាករចំណូលថ្មីរបស់ Preston North End និយាយថាការចង់បានកៅអីជម្រើសដំបូងទៀងទាត់ គឺជាហេតុផលចម្បងរបស់ខ្លួនក្នុងការចាកចេញពីManchester United។ អតីតយុវជនថ្នាលបិសាចក្រហមរូបនេះ បានបង្ហាញភាពភ្ញាក់ផ្អើលដោយរកគ្រាប់បាល់ក្នុងការចូលលេងឈុតដំបូងបំផុតរបស់ខ្លួន នាការប្រកួតលើកចុងក្រោយក្នុងរដូវកាលមុនរបស់ Man Utdឈ្នះ Crystal Palce។
ប៉ុន្តែរូបគេ បែរជាមកលេងនៅក្នុងក្លឹប Championship ដែលជាលីកទី២របស់អង់គ្លេស ដោយស៊ីញេកុងត្រា៤ឆ្នាំកាលពីថ្ងៃសុក្រ បន្ទាប់ពីក្លឹបយល់ព្រមដោយមិនបង្ហាញតម្លៃខ្លួន។ Harrop បានបញ្ជាក់ថាបិសាចក្រហមបានស្នើសុំឲ្យរូបគេបន្តកុងត្រា ប៉ុន្តែដោយចង់លេងក្នុងជម្រើសដំបូងនេះហើយ ទើបរូបគេចាកចេញដោយគ្មានភាពស្ទាក់ស្ទើរ។
“ ខ្ញុំមានវ័យ២១ឆ្នាំហើយ ខ្ញុំមានទំនុកចិត្តលើខ្លួនឯង ហើយខ្ញុំត្រូវការលេងជម្រើសដំបូង ទើបខ្ញុំចេញពីទីនោះ។ អនាគតរបស់ខ្ញុំមិនធានាទេនៅ Man Utd ទោះបីជាពួកគេចង់ឲ្យខ្ញុំស្នាក់នៅបន្ត។ បើខ្ញុំហ៊ានស៊ីញេបន្តទៀតខ្ញុំនឹងត្រូវគេកំណត់ពេលវេលាឲ្យលេងតិច ហើយអាចនឹងចំណាយពេលវេលាខ្ជះខ្ជាយហើយអនាគតនឹងជួបហានិភ័យ។”កីឡាករវ័យ២១ឆ្នាំនិយាយក្នុង វេបសាយផ្លូវការរបស់ Preston ។
“ ខ្ញុំត្រូវចាកចេញពីទីនោះ ហើយពង្រឹងខ្លួនឯងហើយធ្វើអ្វីដែលសាកសមសម្រាប់ខ្លួនឯង។ វាជារឿងមួយដ៏ធំធេងដែលខ្ញុំត្រូវចេញពី United បន្ទាប់ពីខ្ញុំចំណាយពេលច្រើននៅទីនោះ។ ប៉ុន្តែខ្ញុមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង ហើយដឹងថាវាជាជម្រើសដ៏ត្រូវត្រឹមត្រូវ”៕
ប្រភព៖ FFT